ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ចែក​ជូនពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៨គ្រួសារ នៅស្រុកព្រៃឈរ

0
55


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ នារសៀលថ្ងៃទី​៨​ ខែមិថុនា​ ឆ្នាំ​២០២៤​នេះ​ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៨គ្រួសារ រស់នៅក្នុងភូមិតាលៃ ឃុំគរ ស្រុកព្រៃឈរ​ ហេតុការណ៍​ខ្យល់កន្ត្រាក់​នេះ​បាន​កេីតមានឡេីង​កាលពីម៉ោង ៥, ៤៥នាទី ល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បណ្ដាល​ឱ្យ​ផ្ទះ ២ខ្នងរងការខូចខាត កម្រិតធ្ងន់ និងផ្ទះ ៦ខ្នងទៀត រងការខូចខាតកម្រិតស្រាល ប៉ុន្តែមិនបានប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋទេ ។

ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ក្នុងឱកាសនោះដែរ​ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ជាមួយនោះ ត្រូវ ខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្តារជួសជុល ផ្ទះស្នាក់នៅឡើងវិញ ។

គួរបញ្ជាក់ថា​ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ៖
១- ពលរដ្ឋរងគ្រោះ កម្រិតធ្ងន់ទាំង ២គ្រួសារ ដែលមានជីវភាពខ្សត់ខ្សោយ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គក្រ មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ ឃីត ១សម្រាប់ និង ថវិកា ៤០០,០០០ រៀល ។
២- ពលរដ្ឋរងផលប៉ះពាល់កម្រិតស្រាល ៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here