សម្តេច ម៉ែន សំអន បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ១៧១គ្រួសារ ដែលជួបបញ្ហាធម្មជាតិ ដោយសារខ្យល់កន្រ្តាក់ នៅស្រុករំដួល ខេត្តស្វាយរៀង

0
52


រូបភាពនិងអត្ថបទដោយលោក ថត ភារៈ
ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង  នៅព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជួយដល់ប្រជាពលរដ្ឋចំនួន ១៧១គ្រួសារ ជួបបញ្ហាគ្រោះធម្មជាតិ ដោយសារខ្យល់កន្រ្តាក់ នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង។

ពិធីចែកអំណោយនេះ មានការចូលរួមពីឯកឧត្តម ម៉ែន វិបុលប្រធានគណៈកម្មាធិការសាខា,និងឯកឧត្តមលោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងនិងលោកហែម សុីណា ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាស្រុករំដួល រួមមានប្រតិភូអមដំណើរជាច្រើនអ្នកផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើរសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។  

គួររំលឹកផងដែរថា គ្រួសារចំនួន ១១៧គ្រួសារនោះបានជួបគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៤ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំស្វាយចេក និងឃុំម៉ឺនជ័យ ស្រុករំដួល (ខូចខាតទាំងស្រុង៩ខ្នង មធ្យម ១៦ខ្នង តិចតួច ១៤៦ ខ្នង ) របួសស្រាលមនុស្ស ២ នាក់ ។ 
អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះទាំងស្រុង និងមធ្យម ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ មុង ១ សារុង១ ភួយ១ ក្រម៉ា១ ថវិកា៥ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះទាំងស្រុងទទួលបានបន្ថែម៖ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ ថវិកា២សែនរៀល ។ សម្រាប់គ្រួសាររងគ្រោះតិចតួចទទួលបានថវិកា ៦ ម៉ឺនរៀលសម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ និងបានឧបត្ថម្ភ អ្នករបួស ក្នុងម្នាក់ថវិកា ២០ ម៉ឺនរៀល ។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថមថវិកាផ្ទាល់ខ្លួនបន្ថែមសម្រាប់គ្រួសាររងគ្រោះធ្ងន់ក្នុង ១ គ្រួសារ ២០ ម៉ឺនរៀល គ្រួសាររងគ្រោះមធ្យម ក្នុង ១ គ្រួសារ ៥ ម៉ឺនរៀល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here