អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ កម្ពុជាមានស្ថេរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងមានការអភិវឌ្ឍ ទើបការបោះឆ្នោត ប្រកបដោយជោគជ័យ

0
43


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ការរៀបចំការបោះឆ្នោតអាចប្រព្រឹត្តទៅ បានអាស្រ័យដោយសារប្រទេសជាតិទាំងនោះ មានសន្តិភាព ដូចប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កំពុងមានស្ថេរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងមានការអភិវឌ្ឍ ទើបប្រទេសយើងបានរៀបចំការបោះឆ្នោត ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អ ដូចយើងទទួលបានថ្មីៗនេះស្រាប់ ដោយមានការកោត សរសើរទាំងមតិជាតិ និងមតិអន្តរជាតិ។​ ការថ្លែងបែបនេះ​ក្នុង​អង្គ​សន្តិបាតបូកសរុបការងារបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាល​ទី៥​ និងបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ ក្រុង​ ស្រុក​ អាណត្តិ​ទី៤​ នាព្រឹកថ្ងៃទី​៧​ មិថុនា​​ ឆ្នាំ​២០២៤​ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកឡេីងថា​ ដោយផ្អែកលើបទពិសោធន៍កន្លងមក ការប្ដេជ្ញាចិត្ត និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឱ្យសន្តិសុខ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤ មានលក្ខណៈល្អប្រសើរដោយពុំមានអំពើហិង្សា និងការគំរាមកំហែងខាង នយោបាយ ឬអ្នករងរបួសស្នាមពាក់ព័ន្ធដំណើរការបោះឆ្នោតនោះឡើយ។

ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បានសង្កត់ធ្ងន់ថា​ ទន្ទឹមនឹងភាពមមាញឹកបែងចែកកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាការពារសន្តិសុខបោះឆ្នោត រាជរដ្ឋាភិបាលក៏មានការទទួលខុសត្រូវក្នុងការធានាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅក្នុងសង្គមសំដៅធានាប្រក្រតីភាព នៃជីវភាពសង្គមលើគ្រប់ផ្នែក ដើម្បីបង្កបរិយាកាសដល់ប្រជាជន គ្រប់ៗរូបបានចូលរួមក្នុង ដំណើរការបោះឆ្នោតប្រកបដោយសុវត្ថិភាព និងគ្មានការភ័យខ្លាច។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម ឧត្តម សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្តែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះ​ អាជ្ញាធរ​ខេត្តកំពង់ចាម​ និង​មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក៏ដូចជា​ភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ចូលរួមសហការយ៉ាងកក់ក្តៅក្នុងដំណើរការរៀបចំការបោះឆ្នោត អសលទាំងពីរលើកនេះ ធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តិទៅក្នុងស្ថានភាពស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាព គ្មានការ គំរាមកំហែង គ្មានអំពើហិង្សា និងប្រកបដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here