មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ​ ថ្លែងថា​ សកម្មភាពលេងកីឡាក៏ធ្វើឱ្យមនុស្សគ្រប់រូបមានរូបស្រស់សង្ហា ស្មារតីភ្លឺថ្លា ប្រាជ្ញាវាងវៃ កាត់បន្ថយភាពស្ត្រេស ទប់ស្កាត់ជំងឺបៀតបៀន

0
40


កំពង់ចាម​:​ ឯកឧត្តម សាមឺឌី​ ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា​ បានថ្លែងថា​ សកម្មភាព លេងកីឡាក៏ធ្វើឱ្យមនុស្សគ្រប់រូបមានរូបស្រស់សង្ហា ស្មារតីភ្លឺថ្លា ប្រាជ្ញាវាងវៃ បានបញ្ចេញជាតិពុលពីក្នុងខ្លួនកាត់បន្ថយភាពស្ត្រេស ទប់ស្កាត់ជំងឺបៀតបៀន កាត់បន្ថយថ្លៃព្យាបាលជំងឺទៀតផង។​ ថ្លែងបែបនេះ​ក្នុងពិធីបើក ទិវាកីឡាសម្រាប់ទាំងអស់គ្នា Sports for All ឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»​ ដែលបានធ្វេីឡេីង​នៅ​ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៤​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា​ បានថ្លែងថា​ ឆ្លងតាមបទពិសោធន៍ និងសមិទ្ធិផលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ការអភិវឌ្ឍវិស័យអប់រំកាយ និង កីឡា គឺជាទស្សនៈវិស័យថ្មីមួយ ដែលតម្រង់ទិសវិស័យកីឡាជាតិ ឈានទៅរកការធ្វើទំនើបកម្ម ដើម្បីសុខុមាលភាព របស់ប្រជាជនគ្រប់រូប និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។

ឯកឧត្តម​រដ្ឋលេខាធិការ​ បានបន្តថា​ នៅក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តវេនដោយយកចិត្តទុកដាក់ត្រៀមរៀបចំបណ្តុះបណ្តាលពង្រឹង សមត្ថភាពយុវជនវ័យក្មេងអាយុក្រោម១៣ឆ្នាំឱ្យមានសមត្ថភាពខ្ពស់ ដើម្បីបានចូលរួមប្រកួតដណ្តើមមេដាយឱ្យបានច្រើនលើកស្ទួយកិត្តិយសជូនប្រទេសជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា យុវជនអាស៊ី ឆ្នាំ២០២៩នាពេលខាងមុខ។

ឯកឧត្តម សាមឺឌី​ ស៊ីវឌ្ឍនា បានសង្កត់ធ្ងន់ថា​​ កីឡាសម្រាប់ទាំងអស់គ្នាជាកម្មវិធីមួយសម្រាប់មនុស្សគ្រប់រូប គ្រប់វ័យបានចូលរួមលេងកីឡា ពិសេសជំរុញដល់កូន ចៅ កុមារា កុមារី សិស្សានុសិស្ស បណ្តុះ ផ្នត់គំនិត ឱ្យស្រឡាញ់ចូលចិត្តលេងកីឡាណាមួយ ដោយយកពេលទំនេរឱ្យកើតជាប្រយោជន៍ មានបច្ចេកទេសជំនាញឈាន ទៅជាកីឡាករកម្រិតខ្ពស់ ចៀសឆ្ងាយពីអប្បាយមុខទាំងឡាយដែលសង្គមស្អប់ខ្ពើម។

ជាមួយគ្នានោះ​ ឯកឧត្ដម​ ខ្លូត​ ចិន្ដា​ អភិបាល​រង​ខេត្តកំពង់ចាម​ បានសម្ដែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងអប់រំ យុវជន និងកីឡា​ ដែលបានជ្រើសរើសយកខេត្តកំពង់ចាម រៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នាដ៏មានសារៈសំខាន់ ដែលមាន ៦ប្រភេទកីឡា ដូចជា៖ កីឡាសីស្លាប កីឡាទាញព្រ័ត្រ កីឡាវាយសី កីឡាអត្តពលកម្ម កីឡារាំតាមចង្វាក់ភ្លេង និងកីឡាប៉េតង់ ។

ឯកឧត្ដម​ ខ្លូត​ ចិន្ដា​ អភិបាល​រង​ខេត្ត​ បានឱ្យដឹងថា​​ សមិទ្ធផលក្នុងការចូលរួមប្រកួតកីឡាថ្នាក់ជាតិឆ្នាំ២០២៣ ខេត្តកំពង់ចាម បានបញ្ជូនអត្តពលិកចូលរួមប្រកួតកីឡាថ្នាក់ជាតិដោយទទួលបាមេដាយសរុបចំនួន ៤៧គ្រឿង ក្នុងនោះដែរខេត្តកំពង់ចាមទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ (ថ្នាក់ខេត្ត) ឆ្នាំ២០២៣-២០២៤។​ សម្រាប់​ឆ្នាំ២០២៤ ខេត្តកំពង់ចាមបានបញ្ជូនអត្តពលិកចូលរួមប្រកួតកីឡាថ្នាក់ជាតិដោយទទួលបានមេដាយសរុបចំនួន ១០គ្រឿង​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here