បុរសជាសង្សា បានបាញ់សម្លាប់សង្សាររបស់ខ្លួន ធ្លាយក្បាល គ្រាប់មកចំកូនរបួសធ្ងន់ បន្តបាញ់សម្លាប់ខ្លួនឯងតែគ្រាប់មិនផ្ទុះ(២គ្រាប់) បានរត់គិចខ្លួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

0
179


មណ្ឌលគិរី ៖ ឈាមស្រែកស្បែកហៅ ត្រឹមរយៈពេល៦ម៉ោងសមត្ថកិច្ចស្រុកអូររាំងបានបំបែកសំនុំរឿងឃាតកម្មមួយ ដែលបានកើតហេតុកាលពីយប់ថ្ងៃទី១២ ខែ ឧសភា  ឆ្នាំ២០២៤  វេលាម៉ោង ២៣ និង ២០ នាទី នៅចំណុចក្នុងបន្ទប់ដេក ក្រុមពូជូ ភូមិ អណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង  ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៏បានឲ្យដឹងថា ក្នុងករណីខាងលើនេះមានជនរងគ្រោះចំនួន ០២នាក់ ១.ឈ្មោះ កែម កែវកន្និការ ភេទ ស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ គ្រូពេទ្យ  មានទីលំនៅបច្ចុប្បន្នភូមិ អណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី(បានស្លាប់)។២. ឈ្មោះ ជូ សាណា ភេទស្រី អាយុ ០៦ ឆ្នាំ(ត្រូវជាកូន ជនរងគ្រោះ) ជាសិស្ស (រងរបួសត្រូវដៃខាងឆ្វេង) ។

សេចក្តីរាយការណ៏បន្តថា ករណីនេះបង្កដោយជនសង្ស័យឈ្មោះ សុខា នុត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយប្រើអាវុធ AK ៤៧ (១ដើម) បង់ចំនួនមួយ និងគ្រាប់ចំនួន ០៦គ្រាប់។

យោងតាមរបាយការណ៏សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង២៣និង២៩នាទី ជនស្ស័យឈ្មោះ សុខា នុត បានយកកាំភ្លើងAK 47 មួយដើមដែលរើសបានក្នុងព្រៃ ដើរទៅរកនារីរងគ្រោះនៅបុស្តិ៍សុខភាពអណ្ដូងក្រឡឹង (មុននិងចេញទៅរកឆ្លុះសត្វក្នុងព្រៃ)។

ពេលទៅដល់មណ្ឌលសុខភាពដែលនារីរងគ្រោះត្រូវវេនប្រចាំការជាមួយកូនស្រី កំពុងដេកក្នុងបន្ទប់មណ្ឌលសុខភាពនោះ ជនសង្ស័យទៅដល់ក៏បានសួរនាំរឿងបាយហូប ហើយក៏ឈ្លោះប្រកែកគ្នា(ដោយអ្នកទាំងពីរត្រូវជាសង្សានិងគ្នា)។ការឈ្លោះទាល់ទែងគ្នាមួយសន្ទុះ ស្រាប់តែជនបង្កបានបាញ់សម្លាប់ជនរងគ្រោះ ត្រូវចំសៀតផ្កាខាងស្ដាំ ធ្លាយចេញទៅខ្នង ចំណែកក្បាលគ្រាប់បន្តធ្លាយត្រូវចំដៃកុមារីរងគ្រោះឈ្មោះ ជូ សាណា ត្រូវជាកូននារីរងគ្រោះ ចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួស។

ក្រោយជនសង្ស័យឈ្មោះ សុខា នុត បាញ់សម្លាញ់នារីរងគ្រោះខាងលើរួចមក ក៏បានបាញ់ខ្លួនឯងចំនួនពីរគ្រាប់ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួនពីកន្លែងកើតហេតុ រហូតដល់ព្រឹកឡើងម៉ោង ០៥ និង៣០នាទីថ្ងៃទី១៣ ខែឧសភា ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅកាន់តុលាការតាមនិតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here