អភិបាលខេត្តកំពង់ចាម​ បានជំរុញ​ដល់​ប្រតិបត្តិករទឹកស្អាត​ ត្រូវខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុង​ការទទួលខុសត្រូវ រកប្រភពទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ

0
120


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានជំរុញ​ដល់​ប្រតិបត្តិករទឹកស្អាត​ ត្រូវខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុង​ការ​ទទួលខុសត្រូវ រកប្រភពទឹកលើដី និងទឹកក្រោមដី ដែលនៅជិតមកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់សេវាកម្ម​ របស់ខ្លួនឱ្យបានគ្រប់គ្រាន់ ចំពោះ​មន្ទីរសុខាភិបាល ត្រូវត្រៀមបម្រុងបរិក្ខា និងឱសថ ពាក់ព័ន្ធជំងឺឆ្លងផ្សេងៗ ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា​ផងដែរ​។​ ថ្លែងបែបនេះក្នុង​កិច្ចប្រជុំស្តីពីការត្រៀមអន្តរារគមន៍ និងឆ្លើយតបការខ្វះខាតទឹកស្អាតប្រើប្រាស់​ នាព្រឹកថ្ងៃទី​៣០​ ខែមេសា​ ឆ្នាំ​២០២៤​ ។

ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ បានជំរុញ​ដល់​ប្រតិបត្តិករទឹកស្អាត​ ត្រូវត្រៀមកៅស៊ូតង់សម្រាប់ស្តុកទឹកទុក ដាក់នៅក្នុងតំបន់សេវាកម្មរបស់ខ្លួន ដោយមាន កិច្ចសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ និងអង្គការក្រៅរាជរដ្ឋាភិបាលនានា ដើម្បីរករថយន្តដឹកជញ្ជូនទឹក រកប្រភពទឹកដែលនៅជិតសម្រាប់ដឹកជញ្ជូនទឹកមកចែកចាយជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ ។​ ក្រៅ​ពី​នោះ​ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវត្រៀមបម្រុងនូវ ពាង អាង ធុង និងស៊ីទែន ស្តុកទឹកទុកសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ និងមានលក្ខណៈសន្សំសំចៃខ្ពស់បំផុត ។

ឯកឧត្តមអភិបាលខេត្ត​ បានណែនាំ​ដល់​រដ្ឋាករទឹកកំពង់ចាម ត្រូវត្រៀមរថយន្ត ស៊ីទែនស្តុកទឹក និងទឹកស្អាត សម្រាប់ដឹកជញ្ជូនទៅចែកចាយ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់សេវាកម្មរបស់ខ្លួន និងជួយតំបន់ផ្សេងៗទៀតទៅតាមតម្រូវការ ។​ ជាពិសេស នឹងប្រើប្រាស់កម្លាំងអន្តរាគមន៍ (រួមទាំងធនធាន ថវិកា មនុស្ស និងបច្ចេកទេស) របស់រដ្ឋាករទឹក ដើម្បីជួយឧបត្ថម្ភគាំទ្រក្នុងការដោះស្រាយបញ្ហា ផ្គត់ផ្គង់ទឹកស្អាតនៅកន្លែងណា ដែលប្រតិបត្តិករទឹកស្អាតឯកជនអស់លទ្ធភាពដោះស្រាយ​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​ណែនាំ​ឱ្យ​សហការ​គ្នា​អនុវត្ត​វិធានការ​ត្រៀមបង្ការអគ្គិភ័យ និងត្រៀមបម្រុងអន្តរាគមន៍ឆ្លើយតបនឹងការខ្វះខាតទឹកស្អាត ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសត្វពាហនៈ ។​ លេីសពីនោះ​ត្រូវណែនាំដល់ប្រជាពលរដ្ឋអំពីការងារបង្កបង្កើនផលដំណាំរួមផ្សំផ្សេងៗ ដែលប្រើប្រាស់បរិមាណទឹកច្រើនពីប្រភពស្តុកទឹកធម្មជាតិ(លើកលែងទឹកទន្លេ) ត្រុវកាត់បន្ថយ និងផ្អាក ដើម្បីសន្សំប្រភពទឹកធម្មជាតិ សម្រាប់មនុស្ស សត្វពាហនៈប្រើប្រាស់ប្រចាំថ្ងៃ​ផងដែរ​ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here