ពិធីបញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ

0
53


ដោយ,ស្រីមុំ 
 (ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និងលោក Yoon Young Joong តំណាង DK Lee’s Maternal & Child Health Centerនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង ទំហំ​ ៧​ x  ៣៦​ ម៉ែត្រ​ កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវតំណាងរាស្ត្រមណ្ឌលស្វាយរៀង​ ប្រតិភូអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ប្រតិភូ DK Lee’s Maternal & Child Health នៃសាធារណរដ្ឋកូរ៉េ លោក លោកស្រី ប្រធានមន្ទីរនានាក្នុងខេត្ត លោក លោកស្រី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសុខាភិបាល លោក លោកស្រី មេឃុំទាំង១៦ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែមរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ នោះគឺអគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ គិតជាថវិកាសរុបប្រមាណជាង ២៦ម៉ឺនដុល្លារ ដែលបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃនេះ ក្រោមជំនួយឧបត្ថម្ភរបស់ DK Lee’s Maternal & Child Health Center នៃសាធារណៈរដ្ឋកូរ៉េ តាមរយៈឯកឧត្ដមឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិរបស់យើង ក៏ដូចជាខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនស្ទើរលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ ដែលបានគិតគូដល់សុខុមាលភាពប្រជាពលរដ្ឋ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាច្រើន ត្រូវបានស្ថាបនា និងអភិវឌ្ឍជាបន្តបន្ទាប់ ដែលត្រូវបានពង្រាយ និងពង្រីកវិសាលភាពកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាក់ស្តែងបច្ចុប្បន្ននៅក្នុងខេត្តរបស់យើងមានមន្ទីរពេទ្យជំនួន ៦កន្លែង មណ្ឌលសុខភាព ៤៩កន្លែង និងប៉ុស្តិ៍សុខភាព ២កន្លែង សម្រាប់បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះហើយដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ សម្ដេចតេជោ ហើយបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់បុគ្គលិកពេទ្យទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ប្រើប្រាស់កាយវិការទន់ភ្លន់ គួរសម សុភាពរាបសារ ជាមួយអ្នកជំងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ។​ ទន្ទឹមនោះ ត្រូវយកចិត្តុទុកដាក់ចូលរួមពង្រឹងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព តួយ៉ាង កម្មវិធីមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារងាយរងហានិភ័យ និងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ជាដើម ដែលគ្រប់មូលដ្ឋានសុខាភិបាល គឺជាតួអង្គដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយនេះ ។

ជាទីបញ្ចប់ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណ ចំពោះឯកឧត្ដមឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និង DK Lee’s Maternal & Child Health Center ដែលបានចូលរួមចំណែកក្នុងការគាំទ្រ និងឧបត្ថម្ភដល់ការសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំនេះ ដែលអគារថ្មីនេះ នឹងក្លាយជានិមិត្តរូបថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងនូវចំណងសាមគ្គីភាពកាន់តែរឹងមាំរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-កូរ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here