អភិបាលខេត្តត្បូងឃ្មុំ ណែនាំ​ដល់​អាជ្ញាធរ​ក្រុង-ស្រុកទាំង៧ និងអ្នកពាក់ព័ន្ធ ឱ្យ​បង្កើនការប្រុងប្រយ័ត្ន ការពារសុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំ

0
43


ត្បូងឃ្មុំ:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​ត្បូងឃ្មុំ​ បានថ្លែងថា​ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ <<សង្ក្រាន្តត្បូងឃ្មុំ>> នៅបុរីរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ចំនួន០៣ថ្ងៃ គឺនៅថ្ងៃទី១៤ ១៥និង១៦ ខែមេសា។ ព្រមទាំងជំរុញឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ បង្កើតកម្មវិធីសប្បាយៗនានា ក្នុងឳកាសឆ្នាំថ្មីនេះ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព​ ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរៀបចំ ពង្រឹង និងការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ដែលនឹងចូលមកដល់ នាពេលខាងមុខនេះ។

ក្នុងឳកាសនោះ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានបន្តដាក់បទបញ្ជាដល់កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុក អាជ្ញាធរតាមបណ្តាមូលដ្ឋាន ត្រូវសហការបង្ការ បង្ក្រាប លុបបំបាត់ ឲ្យខានតែបាននៅ៥ចំនុច រួមមានៈ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង គ្រឿងញៀន ការបើកបរក្នុងស្ថានភាពស្រវឹង និងការដឹកជញ្ជូនលើលទម្ងន់កំណត់ និងខុសបច្ចេកទេស ពោលគឺ​ក្នុងភូមិណាមានល្បែងសុីសង ត្រូវតែដកមេប៉ុស្តិ៍ ហើយប្រមានមេបញ្ជាការ និងអធិការក្រុង-ស្រុកនោះ​ផងដែរ​ ។

ឯកឧត្តមអភិបាលខេត្ត​ បាន​បញ្ជាក់ថា បញ្ហាល្បែងស៊ីសងនេះហើយ ដែលធ្វើឲ្យមានជំលោះក្នុងគ្រួសារ អំពើហឹង្សា ចោរលួច ឆក់ ប្លន់ ធ្វើយ៉ាងណាឲ្យតែបានលុយទៅលេងល្បែង ជាប្រភពបង្កអសន្តិសុខក្នុងសង្គម ជាពិសេសប៉ះពាល់យ៉ាងខ្លាំងនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីទាំងនេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ណែនាំក្រើនរំលឹកដល់ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត រូមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង៧ អធិការក្រុងស្រុក មេប៉ុស្តិ៍ មេឃុំចៅសង្កាត់ មេភូមិ ត្រូវតែប្រុងប្រយ័ត្ន ត្រៀមទាំងកម្លាំង និងសម្ភារ: ដើម្បីបង្ការ និងទប់ស្កាត់ នូវបញ្ហានានា ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here