អភិបាលខេត្តកំពង់ចាម​ ​ចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន​ ជូន​ពលរដ្ឋខ្មែរ-ឥស្លាម ៣០០គ្រួសារ​ ​នៅ​ក្រុងកំពង់ចាម​

0
70


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ នារសៀលថ្ងៃទី​៥ ខែមេសា​ ឆ្នាំ​២០២៤​នេះ​ បាន​អញ្ជើញ​​ចែក​កញ្ចប់​អាហារ​ស្រាយបួស​ខែរ៉ម៉ាឌន ជូន​បងប្អូន​ប្រជាពលរដ្ឋ​សាសនិក​ខ្មែរ​ឥស្លាម​ ចំនួន​៣០០គ្រួសារ​ ដែលជាជំនួយរបស់អង្គការមូនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា​ នៅ​ភូមិ​រកា​ក្រោម​ សង្កាត់​សំបួរមាស​​ ក្រុងកំពង់ចាម​ ក្រោម​វត្តមាន​ ឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិសាត់ និង​ឯកឧត្តម សឹម​ សុខព្រី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ ជនបទ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​​ សុខសន្តិភាព​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ ក្នុងការ​កសាង​ជាតិ​មាតុភូមិ​យេីង​ បច្ចុប្បន្ន​កម្ពុជា​មាន​សុខសន្តិភាព​ សុខ​ដុម​រម្យ​នីយ​កម្ម​ ស្ថិរភាពពេញលេញលេីផ្ទៃប្រទេស និង​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់​​​ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​ ដែលបាន​នាំ​មក​នូវ​ការ​បង្រួបបង្រួម​ជាតិ​ ពី​សំណាក់​​​សម្តេច​ តេជោ​ ហ៊ុន​ សែន​ ក៏ដូចជា​​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ដូច្នេះ​សូម​ឱ្យ​ពុកម៉ែ​បងប្អូន​ចូលរួម​ចំណែក​ថែរក្សា​សុខសន្តិភាព​នេះ​ ​ឱ្យ​បាន​គង់វង្ស​ ដេីម្បី​បន្តការអភិវឌ្ឍន៍​ឱ្យ​កាន់តែមានការរីកចម្រើន​បន្ថែម​ទៀត​ ។​

ឯកឧត្តមអភិបាលខេត្ត​ បាន​​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​​សាសនិក​ខ្មែរ​ឥស្លាម​ទាំងអស់​ ដែល​តែងតែ​​ផ្តល់​ការ​ទុកចិត្ត​បោះឆ្នោត​គាំទ្រ​ ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលនេះបានបង្ហាញ​ឱ្យ​ឃើញយ៉ាងច្បាស់ អំពីការស្រលាញ់ពេញចិត្តការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដើម្បីដឹកនាំប្រទេស បន្តរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត និងសូមបន្តការគាំទ្រនេះ ក្នុងការបោះឆ្នោតអាណត្តិក្រោយៗ​ផងដែរ​ ។

ស្ថិត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម រ៉ូហ្វី អូស្មាន បានពាំនាំការសុខទុក្ខពីសំណាក់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាមួយគ្នានោះ​ ឯកឧត្តម បានបន្តលើកឡើង អំពីសមិទ្ធិផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើ​ឱ្យ​មានសុខដុមនីយកម្មសាសនា មានសិទ្ធិគោរពប្រតិបត្តិសាសនា ក៏ដូចជាមានការចូលរួមអភិវឌ្ឍន៍ជាតិ និងសហគមន៍​ ដូច្នេះ​សូម​ឱ្យ​បងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រដល់រាជរដ្ឋាភិបាល នៅគ្រប់អាណត្តិ ដើម្បីជាម្លប់សន្តិភាពដល់សង្គមជាតិ​យើង​ទាំងមូល​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here