អភិបាលខេត្តកំពង់ចាម​ បេីក​យុទ្ធនាការ​ជិះកង់​ ទៅ​តាម​បណ្ដា​ក្រុង​ស្រុក​ទាំង​១០​ ដេីម្បី​ប្រមូល​ថវិកា​ទ្រទ្រង់មូលនិធិគន្ធបុប្ផា

0
22


កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន​អញ្ជើញ​បេីក​យុទ្ធនាការ​ជិះ​កង់​ ទៅ​តាម​បណ្ដា​ក្រុង​ស្រុក​ទាំង​១០​ ដើម្បីធ្វើសកម្មភាពគៀងគរថវិកា សម្រាប់​ទ្រទ្រង់​ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ បន្ទាប់​ពី​មាន​ការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ដែល​ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​មួយ​សប្ដាហ៍​​ ចាប់​ពី​ថ្ងៃទី​១​ រហូត​ដល់​ថ្ងៃទី​៧​ ខែមេសា​ ឆ្នាំ​២០២៤​ ​ក្នុងគោលបំណង​បណ្តុះ​ផ្នត់គំនិត​ដល់​យុវជន​ឱ្យ​មាន​ស្មារតីមនុស្សធម៌ ខ្មែរ​ត្រូវ​ជួយខ្មែរ​ផងដែរ​ ។

ក្នុងឱកាស​សំណេះសំណាល​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា យើងត្រូវរៀបចំផែនការជិះកង់គូកចេញទៅតាមគោលដៅ ក្រុង ស្រុកទាំង១០ ដែលមានសមាសភាពចំនួន៤០០នាក់ ហើយចំណុចដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលាខេត្តកំពង់ចាម នាថ្ងៃទី១ ខែមេសា នេះ ក្នុងគោលបំណងទទួលថវិកាពីសប្បុរសជន សម្រាប់ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យសប្បុរសជន ដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ដោយកុមារ ទាំងនោះ ជាទំពាំងស្នងឬស្សី ដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិយើង ។

ជាមួយគ្នានោះ​ រដ្ឋបាលខេត្តកំពង់ចាម ក៏បាន​ធ្វើការអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រីជាពាណិជ្ជករ សិប្បករ វិនិយោគិន លោកតា លោកយាយ និងសប្បុរសជន សូមមេត្តាចូលរួមជួយបរិច្ចាគជាវិភាគទាន តាមការស្ម័គ្រចិត្តដោយសុទ្ធាជ្រះថ្លា ដើម្បីទ្រទ្រង់​ និង​ជួយដល់មន្ទីពេទ្យគន្ធបុប្ផា ក្នុងការព្យាបាល សង្គ្រោះជីវិត កុមារកម្ពុជា និងក្នុងស្មារតី ខ្មែរជួយខ្មែរ ស្មារតីមនុស្សធម៌ ពិសេសការផ្តល់ស្នាមញញឹម ក៏ដូចជាសេចក្តីស្រលាញ់ដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា​នោះ​ផងដែរ​ ។

គួរបញ្ជាក់ថា​ ក្នុងយុទ្ធនាការនេះ ជំហានដំបូង គឺជិះកង់រួមគ្នាជាក្រុមធំ ចេញពីគោលដៅសួនស្មៅ មុខសាលាខេត្ត ទៅកាន់” អក្សរខេត្តកំពង់ចាម” នៅមាត់ទន្លេ បន្ទាប់មកបំបែកជា ៧ក្រុម ដើម្បីជិះកង់ទៅកាន់គោលដៅ ដែលបានកំណត់ទុករួមមាន ផ្សារលក់ដូរ សាលារៀន វត្តអារាម អង្គភាពរដ្ឋបាលក្រុង​ ស្រុក មន្ទីរអង្គភាព ទីស្នាក់ការក្រុមហ៊ុន អាជីវកម្ម​ គ្រឹះស្ថានឯកជន ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាងលក់ដូរជាដើម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here