រដ្ឋបាលខេត្តប៉ៃលិន មមារញឹកក្នុងការរៀបចំតុបតែង ខណ:ពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ កាន់តែខិតជិតមកដល់ btshotnews

0
119


ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន សហការជាមួយយុវជន ស.ស.យ.ក ខេត្ត បានធ្វើការរៀបចំតុបតែងកន្លែងសម្រាប់លេងកម្សាន្ត ដើម្បីអបអរសាទរឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ខណ:ដែលនៅសល់ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ហើយគេសង្ឃឹមថា នឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិ នាំគ្នាចូលមកលេងកម្សាន្តសប្បាយ យ៉ាងច្រើនកុះករនៅក្នុងខេត្តនេះផងដែរ។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ សង្ក្រាន្តប៉ៃលិន នឹងរៀបចំចាប់ផ្តើមលេងនៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ហើយរដ្ឋបាលខេត្តធ្វើការរៀបចំទីតាំងចំនួន៥កន្លែង ផ្សេងៗគ្នា ដើម្បីញ៉ាំងកម្មវិធីលេងកម្សាន្ត ដូចជា បោះអង្គញ់ ទាញព្រ័ត្រ ចោលឈូង ល្បែងប្រជាប្រិយ ព្រមទាំងរាំលេងកម្សាន្ត ឱ្យសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន និងភ្ញៀវទេសចរផងដែរ។ ប្រភពបន្តទៀតថា ទីតាំងទី១. ស្ថិតនៅបរិវេណវិមានឯករាជ្យខេត្តប៉ៃលិន ជាប់នឹងសួនកុមារ ទល់មុខសាលាខេត្តប៉ៃលិន ទី២. ស្ថិតនៅក្បែរមាត់ស្ទឹងតារាប ក្បែរផ្លូវជាតិលេខ៥៧ ទី៣. ស្ថិតនៅកន្លែងរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាត ទី៤. ស្ថិតនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ និងទី៥. ស្ថិតនៅក្បែរច្រកអន្តរជាតិព្រំ ក្នុងតំបន់ព្រំដែនកម្ពុជាថៃតែម្តង។

 ប្រភពដដែលបានបន្តទៀតថា រដ្ឋបាលខេត្តប៉ៃលិន ក៏នឹងរៀបចំបោះតង់ស្នាក់នៅនាពេលយប់ចំនួន៣ទីតាំងថែមទៀត អាចឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវ ស្នាក់នៅដោយឥតគិតថ្លៃ ដែលមានទីតាំងទី១. ស្ថិតនៅក្នុងតំបន់ទឹកធ្លាក់អូរតាវ៉ៅ ស្ថិតនៅសួនអាពាហ៍ពិពាហ៍ខាងក្រោយវត្តភ្នំយ៉ាត និងទី៣. ស្ថិតនៅក្បែរមាត់ស្ទឹងស្ពានតារាប។ លើសពីនោះក៏មានសមត្ថកិច្ចចាំយាមការពារទាំងយប់ទាំងថ្ងៃ រហូតដល់ ចប់បុណ្យចូលឆ្នាំថ្មីនេះតែម្តង។

ចំណែកប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន កំពុងតែត្រៀមរៀបចំខ្លួន ដើម្បីចូលរួមលេងកម្សាន្តក្នុងកម្មវិធីផ្សេងៗ ព្រមទាំងបបួលនាំបងប្អូន ដែលរស់នៅក្នុងខេត្តដទៃទៀតឱ្យចូលមកលេងក្នុង ខេត្តប៉ៃលិន ខណ:ដែលបានឃើញរដ្ឋបាលខេត្តនេះ បានរៀបចំតុបតែងយ៉ាងល្អផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here