ឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន​ ក្រេីនរំលឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ នៅ​​ខេត្តកំពង់ចាម​ ត្រូវ​​កែប្រែ​ឥរិយាបថ​ បម្រើ​សេវា​ដោយ​ស្ម័គ្រ​ចិត្ត​ និង​ជួយ​ពលរដ្ឋ​ដោយ​ស្មោះ​ចេញពី​​បេះដូង​

0
43


កំពង់ចាម​:​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម​ បាន​ក្រេីនរំលឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ក្នុង​មូលដ្ឋាន​ខេត្តកំពង់ចាម​ ត្រូវ​​កែប្រែ​ឥរិយាបថ​ ​​បម្រើ​សេវា​សាធារណៈ​ដោយ​ស្ម័គ្រចិត្ត​​ និង​ជួយ​ប្រជាពលរដ្ឋ​​ដោយ​ស្មោះ​ចេញពី​បេះដូង​ ពោលគឺ​ពុំមាន​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ឡើយ​ ថ្លែងបែបនេះ​ក្នុង​ពិធី​សម្ពោធងសមិទ្ធផលនានា នៅវត្តវេឡុវ័ន (ហៅវត្តទួលរកា) ស្ថិត​ក្នុង​ភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៣០​ ខែមិនា​ ឆ្នាំ​២០២៤​ ។

ក្នុងឱកាស​នោះ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន​ បានថ្លែងថា​ នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញកម្មវិធីនយោបាយអាទិភាព ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋ។​ ដោយ​មាន​ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ​ ។

ជាមួយគ្នានោះ​ ឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឱ្យ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ ដេីម្បី​ទប់ស្កាត់​បញ្ហា​ចំនួន​៣​ រួមមាន​ ១.បញ្ហា​គ្រឿងញឿន​ដែល​ជា​បញ្ហា​សកល​ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​​ ខណៈ​ដែល​រដ្ឋ​បាន​ធ្វើ​ការ​បង្ក្រាប​ យើង​ទាំងអស់គ្នា​​ត្រូវ​ជួយ​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន​ដល់​ស្រទាប់​យុវជន​។
២.បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​​ និង​រងរបួស​​ជាច្រើន​ករណី​ ក្រៅ​ពី​រាជរដ្ឋាភិបាល​មាន​វិធានការ​ យេីង​ត្រូវ​គោរព​ច្បាប់​ទាំងអស់គ្នា​ ជាពិសេស​ត្រូវ​អប់រំ​ណែនាំ​ដល់​កូនចៅ​ឱ្យ​បេីកបរ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ ។
៣.បញ្ហា​ល្បែង​ស៊ីសង​ដែល​ត្រូវជួយ​​ផ្សព្វផ្សាយ​ ​គឺ​ល្បែង​តែងតែ​នាំ​មក​នូវ​ការ​វិនាស​ហិនហោច​ និង​បែកបាក់​គ្រួសារ​ផងដែរ​ ។

ក្នុង​ពិធី​បុណ្យ​​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ក្រោមការដឹកនាំព្រះគ្រូចៅអធិការ លីវ ស្តើង វត្តវេឡុវ័នបានកសាងសមិទ្ធផលនានាជាច្រើន រួមមាន៖ កសាងនឹងជួសជុលដំបូលព្រះវិហារ កសាងដងទង់ ដំបូលសាលាឆាន់ ខ្លោងទ្វារ ចាក់សាបក្នុងទីធ្លាវត្ត បង្គោលភ្លើង ចាក់ដីក្នុងទីធ្លាវត្ត និងសាលាឆាន់ធ្វើពីថ្ម ដោយអស់បច្ច័យកសាង សរុបចំនួន ២៩៨.៣៥០ដុល្លារ និងប្រាក់រៀល ២៨៣.២៤០.៥០០រៀល ក្នុងនោះ លោកជំទាវ លាង វួចឆេង និងសម្តេចទេពញាណ ហ៊ុន ណេង ព្រមទាំងបុត្រា​ បុត្រី ចូលរួមបច្ច័យសម្រាប់កសាងអស់ចំនួន ៩៤.៨០០ដុល្លារ និងប្រាក់រៀល ៣៦.១០០.០០០រៀល ក្រៅពីនេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here