អភិបាលខេត្តកំពង់ចាម​ ថ្លែង​ប្រាប់​យុវសិស្ស​ត្រូវ​ខិតខំប្រព្រឹត្តអំពើល្អតាមរយៈការអនុវត្ត ចលនា៣ល្អ ឱ្យបានកាន់តែជុលផុស

0
68


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ប្រាប់​យុវសិស្ស​ ឱ្យ​ខិតខំប្រព្រឹត្តអំពើល្អតាមរយៈការអនុវត្ត ចលនា៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ឱ្យបានកាន់តែជុលផុស និងជាប្រចាំ។ ព្រោះ​ចលនា៣ល្អ គឺពិតជាស្នូលដ៏សំខាន់ និងជាកត្តាគន្លឹះមួយរួមចំណែកដល់ការពង្រឹងគុណភាពអប់រំ និងការអភិវឌ្ឍ គ្រួសារ សហគមន៍ សាលារៀន និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។​ ថ្លែងបែបនេះ​ក្នុងពិធីបើកការបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ “យុវជនសតវត្សទី២១ ជួយសង្គមជាតិ”​ នៅ​វិទ្យាល័យ កោះសូទិន ស្រុកកោះសូទិន នាល្ងាច​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០២៤​ ក្រោមវត្តមាន​លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកដ្ឋាន យុវជន នៃក្រសួងអប់រំ យុវជន និងកីឡា​ ។

ក្នុងឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក្រេីនរំលឹក​ដល់​ក្មួយៗជាយុវជនគ្រប់រូប ត្រូវបន្តការខិតខំកសាងស្នាដៃឆ្នើមក្នុង ចលនា ៣ល្អ ហើយក្មួយៗត្រូវយល់ថា ការប្រព្រឹត្តអំពើល្អរបស់ក្មួយៗ គឺជាការចូលរួមជាមួយ រាជរដ្ឋាភិបាល ទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណាដែលបង្កការរាំងស្ទះ ដល់ដំណើរការអភិវឌ្ឍ ប្រទេសជាតិ ដោយការធ្វើជាគំរូទាំងលើការសិក្សា ទាំងការរស់នៅដោយប្រកាន់ខ្ជាប់ និងចងចាំថា ក្នុងជីវិត យុវវ័យដូចក្មួយៗត្រូវកសាងជីវិតឱ្យល្អ ស្រស់ត្រកាលក្នុងថ្នាលសិក្សា ដើម្បីយកវិជ្ជាមកបម្រើ ក្នុងមាគ៌ាអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម​អភិបាលខេត្ត បាន​រំពឹងទុកថា​​ ការបោះជំរំយុវជនខេត្តកំពង់ចាម ឆ្នាំ២០២៤ នាពេលនេះ គឺជាឱកាសសម្រាប់ក្មួយៗយកអស់សមត្ថភាព បទពិសោធន៍របស់ខ្លួនមកធ្វើការផ្លាស់ប្តូរ ចែករំលែកគ្នាទៅវិញទៅមក រួមចំណែកអភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន កាន់តែរីកចម្រើនឡើង ពិសេសគឺការអប់រំខ្លួនតាមគន្លងសីលធម៌ កូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អ និងខិតខំធ្វើឱ្យខ្លួនមានសេចក្តីព្យាយាម និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បាន​ដាស់តឿន​ដល់​ក្មួយៗ​យុវសិស្ស​ត្រូវខិតខំ សង្កេតសិក្សាស្រាវជ្រាវ តាមរយៈនៃសកម្មភាពទាំងឡាយ​ ក្នុងដំណើរការ នៃការបោះជំរំយុវជននេះ ជាពិសេសសូមក្មួយៗត្រូវខិតខំ កត់ត្រានូវសកម្មភាពល្អៗ ទុកសម្រាប់ ជាមេរៀន បទពិសោធន៍សម្រាប់ជីវិតរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយពីលទ្ធផល ទាំងអស់នេះ ដល់មិត្តភក្តិ បងប្អូនរបស់ក្មួយៗ​ ឱ្យបានជ្រាបបានដឹង ពីខ្លឹមសារដ៏មានសារៈសំខាន់ នៃកិច្ចការទាំងឡាយដែលក្មួយៗ បានប្រតិបត្តិដោយផ្ទាល់ក្នុងដំណើរការបោះជំរំ រយៈពេល ៧ថ្ងៃ នៅលើទឹកដី ស្រុកកោះសូទិន​ផងដែរ​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here