រដ្ឋបាលខេត្តព្រះវិហារ ប្រារព្វទិវាវប្បធម៌ជាតិ ៣មីនា លើក២៦ ឆ្នាំ២០២៤ ដើម្បីបំផុសស្មារតីស្រឡាញ់លើកស្ទួយ នឹងការចូលរួមអភិរក្សថែរក្សាមរតកវប្បធម៌ជាតិ ប្រកបដោយនិរន្តភាព

0
65


ដោយ,សារិទ្អ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណប្រាសាទព្រះខ័ន ស្ថិតនៅឃុំរណសិរ្ស ស្រុកសង្គមថ្មី មានរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ខូយ ឃុនហ៊រ សមាជិកក្រុមប្រឹក្សាខេត្ត។ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី បានថ្លៃងថា ការរៀបចំទិវាវប្បធម៌ជាតិនាឱកាសនេះ ក្នុងគោលបំណងបំផុសស្មារតីស្រឡាញ់ លើកស្ទួយ និងចូលរួមអភិរក្សថែរក្សា មរតកវប្បធម៌ជាតិ ដល់មហាជន ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី ដោយជំរុញឱ្យមានការដឹងគុណចំពោះបុព្វការីជន ដែលបានខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប និងអច្ឆរិយៈ ដែលជាប្រភពមិនចេះរីង ស្ងួតក្នុងការបង្កើតការងារ និងបង្កើតកាលានុវត្តភាព សម្រាប់ទាញយកប្រាក់ចំណូលជាតិប្រកបដោយប្រសិទ្ធភាព។ជាមួយនេះ ក៏ដើម្បីផ្សព្វផ្សាយវប្បធម៌ដ៏រុងរឿង ភាពសុខសាន្តរបស់ប្រជាជន និងប្រជាជាតិ ព្រមទាំងបំផុសគំនិតស្រឡាញ់ និងស្មារតីចូលរួមកាន់តែសកម្ម ក្នុងការថែរក្សាការពារមរតកវប្បធម៌ជាតិ ទាំងរូបី និងអរូបី។

ឯកឧត្តមបន្តថា វិស័យទេសចរណ៍ វប្បធម៌ គឺជាវិស័យអាទិភាពសំខាន់មួយសម្រាប់ខេត្តព្រះវិហាររបស់យើង ដោយនៅក្នុងភូមិសាស្ត្រខេត្ត សម្បូរទៅដោយប្រាង្គប្រាសាទបុរាណ ធនធានធម្មជាតិ អរិយធម៌ វប្បធម៌ និងទីកន្លែងមានសក្តានុពលទេសចរណ៍ជាច្រើន ដែលក្នុងនោះ យើង មានប្រាង្គប្រសាទបុរាណសរុបប្រមាណជា ២៨៦ប្រាសាទ។ទន្ទឹមនេះ រដ្ឋបាលខេត្តព្រះវិហារមានចក្ខុវិស័យក្នុងការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសសេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីទីប្រជុំជន ទៅរមណីយដ្ឋានទេសចរណ៍ សាងសង់ និងកែលម្អវិស័យទូរគមនាគមន៍ នៅតំបន់ទេសចរណ៍ ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍នានា និងកែលម្អសេវាកម្មទេសចរណ៍ បដិសណ្ឋាកិច្ច និងសេវាកម្សាន្តនានា ដើម្បីទាក់ទាញភ្ញៀវទេស ចរណ៍ឱ្យមកទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋាន ទេសចរណ៍នានា ក្នុងខេត្តឱ្យបានច្រើនកុះករ។

ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់មន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ សូមបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយថែមទៀត ពាក់ព័ន្ធនឹងទិវាវប្បធម៌ជាតិ លើកទី២៦ នៅមូលដ្ឋាន និងលើបណ្តាញសង្គម ពីការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌ និងរមណីយដ្ឋានវប្បធម៌ រួមទាំងរៀបចំឱ្យមានសកម្មភាព និងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរទិវាវប្បធម៌ជាតិ ជាពិសេសគឺការរៀបចំសង្ក្រាន្តឆ្នាំថ្មី ការលេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី សិល្បៈកម្សាន្ត និងសកម្មភាពនានា ដើម្បីឱ្យខេត្តរបស់យើង កាន់តែមានភាពអធឹកធមថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here