អភិបាលខេត្តកំពង់ចាម​ ស្នេី​ដល់​ក្រុមហ៊ុន​សាងសង់​គម្រោងពង្រីកផ្លូវជាតិលេខ៧​ ធ្វេីយ៉ាងណា​កុំ​ឱ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​

0
65

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានស្នេី​ដល់​ក្រុមហ៊ុន​ទទួលការ​សាងសង់​គម្រោងពង្រីកលើកកម្រិតផ្លូវជាតិលេខ៧​ ឱ្យ​ជួយ​សម្រួល​ធ្វើយ៉ាងណា​កុំ​ឱ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ប្រពៃណី​ជាតិ​ ឆាប់ៗខាងមុខនេះ​ ថ្លែងបែបនេះ​ក្នុង​កិច្ចប្រជុំវឌ្ឍនភាពនៃគម្រោងពង្រីកលើកកម្រិតផ្លូវជាតិលេខ៧​ ជា​៤គន្លង​ ចាប់ពីរង្វង់មូលស្គន់​ ស្រុក​ជេីងព្រៃ​ ដល់​ រង្វង់មូលស្ពានគីហ្សូណា​ ក្រុង​កំពង់ចាម​ នារសៀលថ្ងៃទី​២៥ ខែមិនា​​​ ឆ្នាំ​២០២៤​ ក្រោមវត្តមាន​ ឯកឧត្តម​ លឹម​ ស៉ីដេនីន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​​ បច្ចុប្បន្ន​ក្រុម​ការងារ​ដោះស្រាយ​ផលប៉ះពាល់​ បាន​ធ្វើ​ការ​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ ​បាន​ចំនួន​​ ៣៦២គ្រួសារ​ ក្នុង​ឃុំ​ចំនួន​ ៣​ នៃ​ស្រុក​ជេីងព្រៃ​ ពី​រង្វង់​មូល​ស្គន់​ រហូត​ដល់​ព្រំប្រទល់​ស្រុក​ព្រៃឈរ​ បាន​គ្រប់​ចំនួន​តាម​ការ​កំណត់​របស់​ក្រសួង​ហិរញ្ញវត្ថុ​ ដែលមិនមានបាតុភាពអ្វីកើតឡើង​គួរឱ្យ​កត់សម្គាល់​ទេ​ ដោយ​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ ពេញចិត្ត​នឹង​ទទួល​យក​សំណង​តាម​ការ​កំណត់​របស់​គណៈកម្មការ​ ។

ឯកឧត្ដមអភិបាលខេត្ត​ ក៏​បានបញ្ជាក់​ថា​ ចំពោះ​ស្រុក​ព្រៃឈរ​ យេីង​ក៏បាន​ដោះស្រាយ​សំណង​បាន​ចំនួន​ ២​ឃុំ​រួច​ហើយ​ ដែល​មាន​ពលរដ្ឋ​ចំនួន​​​ ៥៧២គ្រួសារ​ ព្រមទាំង​បាន​និង​កំពុង​​បូកសរុប​ធ្វើ​កិច្ច​សន្យា​បន្ត​ទៀត​ ព្រោះ​ស្រុក​ព្រៃឈរ​ មាន​ប្រជាពលរដ្ឋ​ច្រើន​ ដូច្នេះ​យេីង​ត្រូវ​បែងចែក​ជា​ ៣ដំណាក់កាល​ ក្នុង​នោះ​ដំណាក់កាល​ទី​១​ យើង​បាន​អនុវត្ត​រួច​ហើយ​ នៅសល់​ ២ដំណាក់កាល​ទៀត​ ដែល​ត្រូវ​បន្ត​ធ្វើ​មិន​ឱ្យ​ស្ទះ​ការងារ​ទេ​ ហើយ​ឆាប់ៗ​នេះ​នឹង​ចូល​ដល់​ស្រុកកំពង់សៀម​ថែមទៀត​ ដែល​គ្រឿង​ចក្រ​កំពុង​តែ​អនុវត្ត​ជា​បណ្តើរៗ​ហើយ​នោះ​ ។

ក្នុង​កិច្ច​ប្រជុំ​នោះដែរ​ ឯកឧត្តម​ លឹម​ ស៉ីដេនីន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ បានថ្លែងថា​ គម្រោងពង្រីកផ្លូវជាតិលេខ៧​ ជា​ ៤គន្លង​ ចាប់ពីរង្វង់មូលស្គន់​ ដល់​ រង្វង់មូលស្ពានគីហ្សូណា​ខេត្តកំពង់ចាម​ មានប្រវែងសរុប៤៥,៥០០គ.ម​ ចំពោះទទឹង​ផ្លូវវិញ​នៅតំបន់ក្រៅទីប្រជុំ​ មានទទឹង២៤ម៉ែត្រ​កន្លះ​ និងក្នុងទីប្រជុំជន​មានទទឹង២០ម៉ែត្រ​កន្លះ​ និង​២០ម៉ែត្រ​ ដោយមាន​ស្ពាន​ចំនួន​៨កន្លែង​ និងមាន​​សួនច្បារនៅចំណុចកណ្តាលផ្លូវ​ ដែល​ត្រូវ​អនុវត្ត​តាមលក្ខណៈស្តង់ដាបច្ចេកទេស។

ជាមួយគ្នានោះ​ ឯកឧត្តម​ រដ្ឋលេខាធិការ​ ក៏​បាន​ស្នើ​ដល់​ក្រុមហ៊ុន​ទទួលការ​ ត្រូវ​ជីក​កកាយ​យក​អាច​ដី​ ម្តង​មួយ​ចំហៀង​ថ្នល់​ ធ្វើយ៉ាងណា​កុំ​ឱ្យ​កកស្ទះ​ចរាចរណ៍​ ពោលគឺ​ត្រូវ​ធ្វើ​ឱ្យ​រួច​ម្ខាង​ ហើយ​ចាំ​ធ្វើ​ម្ខាងទៀត​ ចំពោះ​ផ្លូវ​ដែល​ចង្អៀត​ គឺ​ត្រូវ​មាន​ចង​ខ្សែ​ជា​សញ្ញា​ និង​អ្នក​យាមកាម​ ដេីម្បី​សម្រួល​ចរាចរណ៍​ ចំណែក​ផ្លូវ​ដែល​​ធំទូលាយ​ក៏​ត្រូវ​ចង​ខ្សែ​ជា​សញ្ញា​ឱ្យ​បាន​ត្រឹមត្រូវ​ផងដែរ​ ទន្ទឹម​នោះ​ត្រូវ​ផ្អាក​ការ​ជីក​​កកាយ​យក​កៅស៊ូ​ចេញ​ពី​ថ្នល់​សិន​ ព្រោះ​ជិត​ចូល​ឆ្នាំ​ខ្មែរ​ហើយ​ ដូច្នេះ​ត្រូវ​ចាក់​ដី​បំពេញ​បន្ថែម​ឱ្យ​រាបស្មើ​ផង​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here