រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ឆ្នាំ២០២៤ រយៈពេល ៤ថ្ងៃ ក្នុងគោលបំណងបង្កើតការសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤

0
52


ដោយ,btshotnews
ខេត្តប៉ៃលិន÷នាពេលខាងមុខនេះ តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តប៉ៃលិន បានឲ្យដឹងបន្ថែមថា ព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ឆ្នាំ២០២៤ គឺធ្វើឡើង ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ តាមរយៈការរៀបចំកម្មវិធីសិល្បៈ របាំប្រពៃណីខ្មែរ លេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិ ឲ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅក៏ដូចជាសក្ដានុពលនានា របស់ខេត្តប៉ៃលិន តាមរយៈការរៀបចំដាក់តាំងបង្ហាញនូវផលិតផល ការតាំងបង្ហាញមុខម្ហូបអ្នកប៉ៃលិន តំបន់ត្រជាក់ចិត្ត និងនៅពេលរាត្រីមានការប្រគុំតន្ត្រីរាំលេងកំសាន្ត ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌ផងដែរ។

ព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ឆ្នាំ២០២៤ នឹងព្រឹត្តិការណ៍នៅថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នឹងរៀបចំនៅទីតាំងចំនួន ៤ ក្នុងក្រុងប៉ៃលិន ដើម្បីបង្កើតការសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ គឺទី១-បរិវេណវិមានឯករាជ្យខេត្ត ទី២-មាត់ស្ទឹងតារាប ទី៣-តំបន់បេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត និងទី៤-រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ។

រដ្ឋបាលខេត្តប៉ៃលិន និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទាំងក្នុងប្រទេសនិងក្រៅប្រទេសនឹងអញ្ជើញចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ឆ្នាំ២០២៤ ឲ្យបានច្រើនកុះករអធិកអាធម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរផងដែរ។

ក្នុងការរៀបចំសង្ក្រាន្តប៉ៃលិន នេះផងដែរ លោកជំទាវបណ្ឌិតបានស្រីមុំ អភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់តាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ដោយត្រូវធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ជាពិសេសកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវឲ្យបានល្អ  ប្រកបដោយប្រសិទ្ធភាពបំផុត  ដោយធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅគ្រប់គោលដៅ ដូចជានៅតាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍នានា និងកន្លែងប្រមូលផ្តុំមនុស្សច្រើន ។

សូមបញ្ជាក់ផងដែរថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤ ខាងមុខនេះ គឺនឹងប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣-១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំទីតាំងបោះតង់ ចំនួនបី ដោយឥតគិតថ្លៃ និងមានសមត្ថកិច្ចការពារសន្តិសុខ ២៤ម៉ោង លើ ២៤ម៉ោង សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ដែលគ្មានកន្លែងស្នាក់នៅ ឬចង់ផ្លាស់ប្តូរបរិយាកាស តាមបែបធម្មជាតិ គឺ ទីតាំងទី១-អូរទី២ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ទីតាំងទី២-សួនអាពាហ៌ពិពាហ៌ខាងក្រោយភ្នំយ៉ាត និងទីតាំងទី៣-មាត់ស្ទឹងតារាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here