គណៈប្រតិភូគណកម្មការទី៨ នៃរដ្ឋសភា បានជម្រុញឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយពីបញ្ហាជំងឺមិនឆ្លង

0
50


ត្បូងឃ្មុំ​:​ គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ និងស្វែងយល់អំពីប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងវិស័យកិច្ចការនារី នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។

ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យក្នុងរយៈពេល៥ឆ្នាំនេះឯកឧត្តម ជាម ច័ន្ទសោភ័ណ បានជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពការងាររបស់ខេត្ត ដែលពាក់ព័ន្ធជាមួយមន្ទីរទាំង៤ ដែលគណៈកម្មការទទួលបន្ទុករួមមាន :​ វិស័យសុខាភិបាលមានការិយាល័យជំនាញចំនួន៤កន្លែង ការិយាល័យស្រុកប្រតិបត្តិ ចំនួន៧កន្លែង មន្ទីរពេទ្យបង្អែក កម្រិតCPA៣ ចំនួន១កន្លែង មន្ទីរពេទ្យបង្អែក កម្រិត CPA២ ចំនួន៤កន្លែង មន្ទីរពេទ្យបង្អែក កម្រិតCPA១ ចំនួន២កន្លែង មណ្ឌលសុខភាព មាន៧៤កន្លែង និងបុស្តិ៍សុខភាព ចំនួន១កន្លែង និងមានបុគ្គលិកសរុបទាំងអស់មាន ១៥៤៦នាក់ ដែលកំពុងផ្តល់សេវាជូនប្រជាពលរដ្ឋសព្វថ្ងែនេះ។ ចំពោះសេវាសុខាភិបាលឯកជនមានចំនួន ៧៦៤កន្លែង និងមានច្បាប់ត្រឹមត្រូវ ក្នុងនោះមានមន្ទីរពេទ្យ ចំនួន១កន្លែង និងឱសថស្ថាន ចំនួន៨៣កន្លែង ។ មាន ប្រជាពលរដ្ឋនៅក្នុងខេត្ត បានមកទទួលសេវាសុខាភិបាលជាច្រើន ដែលក្នុងនោះមានជំងឺមិនឆ្លង ដោយមានការប្រើប្រាស់ប័ណ្ណប.ស.ស ប័ណ្ណសមធម៌ និងបង់ថវិកាឯកជន ផងដែរ ។ ជាមួយគ្នានោះមន្ទីរសិខាភិបាលមានបញ្ហាប្រឈមជាច្រើនបណ្តាលមកពី កង្វះខាតធនធានមនុស្សនៅមានកម្រិត និងហិរញ្ញវត្ថុសម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពង្រីកវិសាលភាពនៃការអភិវឌ្ឍ និងលើកកម្ពស់ សុខមាលភាពអ្នកជំងឺ ការខ្វះខាតគ្រូពេទ្យជំនាញ និងឯកទេសមួយចំនួន មានការខ្វះខាតមន្ត្រីពេទ្យជំនាញតាមផ្នែក និងនៅមានកម្រិតព្រមទាំងខ្វះបទពិសោធន៍ ខ្វះខាតសម្ភារៈបរិក្ខាពេទ្យ និងខ្វះឱសថប្រតិករដើម្បីដំណើរការសេវា និងការប្រើប្រាស់អគ្គិសនី និងទឹក ចំណាយអស់ច្រើន ។

វិស័យការងារមានមន្ត្រីសរុបចំនួន៤៦រូប និងបានបែងចែកជា៣ផ្នែកគឺផ្នែកការងារ ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងប.ស.ស ។ មន្ទីរបានធ្វើការចុះបញ្ជី ប.ស.ស តាមរោងចក្រ សហគ្រាស សិប្បកម្ម និងប្រជាពលរដ្ឋក្រៅប្រព័ន្ធជាបន្ត បន្ទាប់ផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋ កម្មករទទួលបានសេវាសុខភាពមួយល្អប្រសើរ និងចំណាយថវិកាតិច ។ មន្ទីរមានបញ្ហាប្រឈមជាច្រើនដោយយុវជនមកពីគ្រួសារក្រីក្រ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធមកចឈ្មោះនៅមានចំនួនតិច និងមានមួយចំនួនទៀតវិលត្រឡប់ទៅវិញ ដោយសារកត្តាជីវភាព និងមិនមានអន្តេវេសិកដ្ឋានជូនគ្រូ និងនិស្សិត ព្រមទាំងមិនមានរោងជាង និងបន្ទប់ពិសោធន៍ ។

វិស័យសង្គមកិច្ច មានមន្ត្រីទាំងអស់៤១នាក់ និងមានម្នាក់ជាជនពិការ បានបន្តដំណើរការដោយលើកយកវិធីសាស្ត្រជាច្រើនក្នុងការចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានលឿននិងរហ័សដោយលើកយកប្រធានបទ ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុវត្ថុ និងសមធម៌ ដោយបានចែកអំណោយជូនគ្រួសាររងគ្រោះដាច់ស្បៀងជនចាស់ជរា ជនពិការក្រីក្រ និង ជនរងគ្រោះផ្សេងៗនៅតាមសហគមន៍ ដែលទទួលបានជំនួយសង្គ្រោះបន្ទាន់សរុបមានចំនួន ៥០០គ្រួសារ ។ ជនមានពិការភាព ដែលបានកំណត់អត្តសញ្ញាណពិការភាពតាម គំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណពីការភាពមានចំនួន ១.៧៥នាក់ និងចុះចែកថវិកាជូនប្រជាពលរដ្ឋដែលជួបបញ្ហាលំបាកក្រីក្របន្ថែមទៀត ។ ទន្ទឹមនឹងនោះមន្ទីរមានបញ្ហាប្រឈមដោយខ្វះខាតថវិកាក្នុងការជួយដល់សមាគមន៍មនុស្សចាស់។

វិស័យកិច្ចការនារី មានមន្ត្រីសរុបទាំងអស់២២នាក់ នឹងបានរៀបចំវេទិកាជាច្រើនសម្រាប់ជួយដល់ស្ត្រីទាំងចំណេះដឹង ចំណេះធ្វើ និងចូលរួមក្នុងសង្គមឱ្យបានច្រើនតាមរយៈប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល ដោយធ្វើការពង្រឹងសមត្ថភាពយេនឌ័រ សុខភាពស្ត្រី ការបណ្តុះបណ្តាលជំនាញផ្សេងៗ ការថែទាំសុខភាពៃផ្ទពោះមុន និងក្រោយសម្រាល ព្រមទាំងទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ខេត្ត និងមន្ទីរពាក់ព័ន្ធ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តទាំងមូល និងបានអំពាវនាវ សូមឱ្យរដ្ឋបាលខេត្តបន្តយកចិត្តទុក្ខដាក់ និងផ្សព្វផ្យាយឱ្យបានទូលំទូលាយ អំពីផលប៉ះពាល់ និងហានិភ័យនៃជំងឺមិនឆ្លង ដើម្បីប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ អំពីវិធីសាស្រ្តការពារ និងទប់ស្កាត់ ជំងឺមិនឆ្លង នៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា នឹងឈានទៅសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស និងទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ តាមការកំណត់ និងស្នើឱ្យមន្ត្រីរាជការទាំងអស់បញ្ចូលក្រុមគ្រួសារឱ្យមានប័ណ្ណប.ស.ស ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here