ក្រុមកម្លាំងចម្រុះ បន្តឃ្លុំដីបាន ចំនួន៦២៦,៦៦២ហិកតា និងបានកំណត់អត្តសញ្ញាណជនសង្ស័យ ចំនួន ៣នាក់ បន្ថែមទៀត ក្នុងយុទ្ធនាការចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់

0
25


យោងតាមផេងក្រសួងបរិស្ថាន
ពោធិ៍សាត់ ៖ កម្លាំងចម្រុះ ចំនួន១០ក្រុម រួមមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃបញ្ជាការកងឯកភាពខេត្តពោធិ៍សាត់ ក្នុងមានមន្រ្តីឧទ្យានុរក្សយើងមួយចំនួន សរុបប្រមាណ៨០០នាក់ បានបន្តចុះបំពេញបេសកកម្មបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះ បានសម្រេច ឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ចំនួន៦២៦,៦៦២ហិកតា និងបានដកហូត ម៉ូតូ ២គ្រឿង, រណារយន្តតូច.ធំ ១៣គ្រឿង, គោយន្ត ១គ្រឿង, កាំភ្លើងកែឆ្នៃ ៣ដើម រួមជាមួយ ម៉ាស៊ីនកាត់ស្មៅ១គ្រឿង។

នៅក្នុងថ្ងៃដដែល កម្លាំងចម្រុះ បានរុះរើខ្ទមបណ្ដោះអាសន្នចំនួន ៥៥ខ្ទម, បង្គោលរបង ចំនួន ១៦០៥ដើម , បន្លាលួស ១២០០ម៉ែត្រ, ដំណាំដើមដំឡូងមី និងដំណាំចម្រុះ បានមួយចំនួនថែមទៀត។

សូមបញ្ជាក់ថា ប្រតិបត្តិការនៃកម្លាំងចម្រុះ នៅខេត្តពោធិ៍សាត់ បានធ្វើឡើងយ៉ាងក្តៅគគុក តាមបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានល្អប្រសើរ។ កិច្ចប្រជុំបន្ទាន់មួយ បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ និងបានដាក់ចេញការអន្តរាគមន៍បន្ទាន់ ដោយបញ្ជូនកម្លាំងថ្នាក់ជាតិ សហការជាមួយបញ្ជាការកងឯកភាពខេត្ត ចុះទប់ស្កាត់កុំឱ្យមានការទន្រ្ទាន រុករាន កាន់កាប់ដីក្នុងតំបន់ធម្មជាតិ ឱ្យទាន់ពេលវេលា និងថែរក្សាសម្បត្តិធម្មជាតិសម្រាប់មនុស្សជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here