ថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា

0
48


ដោយ; លឹម សិលា
ត្បូងឃ្មុំ​:​ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត​ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានរាយការណ៍ជូន គណៈកម្មការទី៩ នៃរដ្ឋសភា អំពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ និងវិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងសុីសងគ្រប់ប្រភេទ ការត្រួតពិនិត្យការប្រើប្រាស់អាវុធខុសច្បាប់ និងក្មេងទំនើង និងការអភិវឌ្ឍខេត្តជូនអង្គពិធីផងដែរ ។

ក្នុង​ឱកាស​នោះ​ដែរ​ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានលើកឡើងថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តត្បូងឃ្មុំ នាពេលនេះ គឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធ​ និង​សមត្ថកិច្ចរបស់គណៈកម្មការទី៩ ក្នុងគោលបំណងឈ្វេងយល់ពីកិច្ចការមួយចំនួនពីលទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត​ ដែលសម្រេចបានប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញ តើការអនុវត្តច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័តរួចហើយ ជួបប្រទះនូវការលំបាក និងមានបញ្ហាប្រឈមអ្វីខ្លះ? ។

លោកជំទាវ និន សាផុន បានបញ្ជាក់ថា កិច្ចប្រជុំនេះមិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានាក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

លោកជំទាវ និន សាផុន ក៏បានធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ លើការងារអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានសោភណ្ឌភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់។ ពិតណាស់​ ខេត្តត្បូងឃ្មុំជាខេត្តមួយទើបតែបានបង្កើតថ្មី ពីមួយថ្ងៃទៅមួយថ្ងៃគឺមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ ពិសេសបានសម្តែងនូវការពេញចិត្តជាខ្លាំងនៅវិធានការទាំង៤ចំណុចរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងសុីសងគ្រប់ប្រភេទ ការត្រួតពិនិត្យការប្រើប្រាស់អាវុធខុសច្បាប់ និងក្មេងទំនើង ស្របទៅតាមវិធានរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
ចំពោះសំណូមពរ និងបញ្ហាប្រឈមនានាដែលខេត្តបានលើកឡើង គណៈកម្មការទី៩ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូន​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ទ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here