អភិបាលខេត្តកំពង់ចាម​៖​ ការ​ប្រមូលផល​ស្រូវ​ប្រាំង​បាន​ប្រមាណ​៥៥%​ហើយ​ បន្ទាប់​ពី​អាជ្ញាធរ​បូម​ទឹក​ជួយ​សង្គ្រោះ​បាន​ទាន់ពេលវេលា​

0
40


ដោយ,ប៉ៃ លិន
កំពង់ចាម​ ៖​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ការ​ប្រមូលផល​ស្រូវ​នារដូវ​ប្រាំង​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ គិត​មក​ដល់​បច្ចុប្បន្ន​នេះ​ បាន​ប្រមាណ​ជា​៥៥%ហេីយ​ ខណៈ​នៅ​សល់​៤៥%​ទៀត​ ​កំពុង​តែ​បន្ត​ធ្វើ​ការ​ប្រមូល​ បន្ទាប់​ពី​អាជ្ញាធរ​បាន​យកចិត្ត​ទុកដាក់​ ​ក្នុង​ការ​អន្តរាគមន៍​បូម​ទឹក​ជួយ​សង្គ្រោះ​ស្រូវ​ប្រជាកសិករ​យេីង​បាន​ទាន់ពេលវេលា​ ថ្លែងបែបនេះ​ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១២​ ខែមិនា​ ឆ្នាំ​២០២៤​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានស្នេី​ដល់​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្ត ឱ្យបន្ត​សហការ​ចុះអនុវត្ត និងតាមដានការអនុវត្ត របស់ប្រជាកសិករ ព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសសមស្រប ឱ្យបានទាន់ពេលវេលា និងអប់រំផ្សព្វផ្សាយ​អំពី​វិធានបច្ចេកទេស នៃការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម ព្រមទាំងវិធានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ សំដៅឱ្យការដាំដុះទទួលបានទិន្នផលខ្ពស់ទៅតាមតំរូវការទីផ្សារ ក្រៅពីនោះត្រូវចុះសិក្សាវាយតម្លៃ និងស្វែងរកទីផ្សារ ដើម្បីជួយដល់ប្រជាកសិករ​យើង​ ជៀងវាងការក្រឡុកតម្លៃពីសំណាក់ឈ្មួញកណ្តាល​ផងដែរ​ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​ ។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម​ ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបិទបញ្ជីចំណូល ចំណាយ និងការធ្វើរបាយការណ៍សរុប ការអនុវត្តចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here