រមណីយដ្ឋានភ្នំស កន្លែងប្រតិបត្តិសាសនា និងគយគន់ទេសភាពថ្ងៃលិចស្អាតជាងគេនៅក្នុងស្រុកទឹកឈូ

0
15


ដោយ,btshotnews
ខេត្តកំពត ÷ អភិបាលស្រុកទឹកឈូបានអះអាងថា: នឹងរៀបចំកែលម្អរមណីយដ្ឋានភ្នំសឲ្យមានភាពទាក់ទាញ ទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត ព្រោះភ្នំស ជាភ្នំថ្មដុះ អាចឡើងលេងដល់កំពូល អង្គុយស្រូបខ្យល់បរិសុទ្ធ មើលទេសភាពក្រុងកំពត ទេសភាពព្រែកកំពត ដៃព្រែកកំពត និងជាកន្លែងអាចគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ត្រកាលពីលើជួរភ្នំកំចាយ ពិសេសមានរូងភ្នំសម្រាប់អ្នកប្រតិបត្តិធម៌ និងគោរពបូជាតាមជំនឿសាសនាផងដែរ។

នៅក្នុងដំណើរចុះពិនិត្យ សិក្សាឈ្វេងយល់អំពីសត្តានុពលតំបន់រមណីយដ្ឋានភ្នំស ស្ថិតឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពតនាពេលថ្មីៗនេះ លោកអ៊ឹម ចន្ទសោធន អភិបាលស្រុកទឹកឈូ  បានប្រាប់ឲ្យដឹងថា: តំបន់ភ្នំសមានសក្តានុពលច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះកន្លែងនេះជាទីអាស្រមសម្រាប់អ្នកប្រតិបត្តិធម៌ និងជាទីសក្ការបូជាតាមបែបសាសនាតាំងពីបុរាណតរៀងមក  ពិសេសភ្នំសជាកន្លែងតែមួយគត់នៅក្នុងខេត្តកំពត ដែលអាចមើលទេសភាពក្រុងកំពត និងទេសភាពថ្ងៃលិចពីលើជួរភ្នំកំចាយស្អាតជាងគេ។

លោកបានបន្តថា: ក្រោមការជំរុញលើកទឹកចិត្ត ពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ជំហ៊ានដំបូងរដ្ឋបាលស្រុកទឹកឈូនឹងធ្វើការរៀចំកែលម្អ កន្លែងចាំបាច់មួយចំនួន ដើម្បីបង្កភាពងាយស្រួលដល់ទេសចរជាតិ និងអន្តរជាតិមកទស្សនា  និងបង្កើនភាពទាក់ទាញភ្ញៀវផងដែរ។

លោក សយ ស៊ីណុលប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរៀបចំតំបន់ភ្នំស ឲ្យក្លាយជាតំបន់រមណីយដ្ឋានដ៏ទាក់ទាញ និងជាទិសដៅទេសចរណ៍ថ្មីមួយរបស់ខេត្តកំពត  ព្រោះតំបន់នេះ តភ្ជាប់ជាមួយតំបន់ទេសចរណ៍ឃុំកំពង់គ្រែង ពិសេសពេលឈរលើកំពូលភ្នំ(កម្ពស់ជាង៣០០ម៉ែត្រ) គេអាចមើលទេសភាពតំបន់កសិ-ទេសចរណ៍ឃុំកូនសត្វ(ទំបន់ទំនប់ប្រឡាក់ក្រឡា) ទេសភាពក្រុងកំពត ទេសភាពព្រែក ដៃព្រែក កំពត ទេសភាពថ្ងៃលិចពីលើជួរភ្នំកំចាយ ពោលគឺជាកន្លែងសម្រាប់មើលថ្ងៃលិច និងថ្ងៃរះស្អាតជាងគេទៀតផង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here