រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤

0
20


កំពង់ចាម​:​ រដ្ឋបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រងកំពង់ចាម និងមន្ទីរទេសចរណ៍ខេត្ត នាព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ នេះ​ បានប្រារព្ធ ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ (ទីក្រុងស្អាតដើម្បី ទេសចរណ៍) ក្រោមវត្តមាន លោក គន់  សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នៅទីលាន សាធារណៈមុខ សាលាខេត្តកំពង់ចាម​ ។

លោក គន់  សុភា អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា ទិវាជាតិទីក្រុងស្អាត ត្រូវបានធ្វើឡើងជា រៀងរាល់ឆ្នាំ ដើម្បីបំផុសនិងលើកទឹកចិត្ត ដល់បងប្អូនជនរួមជាតិទាំងអស់ជាពិសេស យុវជន ឲ្យយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់ភាពស្អាត ពណ៌បៃតង ដើម្បីទីក្រុងយើងក្លាយជាទីក្រុង ដែលមាន សោភ័ណភាព បរិស្ថានល្អ មានភាពទាក់ទាញគួរឱ្យចង់មកកម្សាន្ត និងស្នាក់នៅ សម្រាប់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើន នៃសេដ្ឋកិច្ចជាតិ។

រីឯ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងថាដោយមានការចង្អុល បង្ហាញពីថ្នាក់ដឹកនាំខេត្ត និងការចូលរួមរបស់ប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ វិស័យឯកជន សហការគ្នាសម្អាតរក្សាអនាម័យរៀបចំឱ្យមានសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ល្អ ដើម្បីឱ្យខេត្តកំពង់ចាម មានលទ្ធភាព ទទួលភ្ញៀវជាតិ និងអន្តរជាតិចូលមកកម្សាន្ត មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងៗ។

ជាក់ស្តែង ឆ្នាំ២០២៣ កន្លងទៅភ្ញៀវទេសចរជាតិ និងអត្តន្តរជាតិចូលមកទស្សនាកម្សាន្តមានចំនួន ២,៨២៧,៩៣៤នាក់ បើធៀបនិងឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិមានចំនួន ១,៤២៦,៩៩៣នាក់មានការកើនឡើង ៩៧ ភាគរយ។ ការកើនឡើងនៃភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំនេះ គឺបង្ហាញពីគោលនយោបាយរបស់ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តដែលមានភាពត្រឹមត្រូវ និងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់បានល្អ ធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្តខ្ពស់នូវគ្រប់បណ្តាគោលដៅទេសចរណ៍ក្នុងទូទាំងខេត្ត។

លោកប្រធានមន្ទីរ បានលើកឡើងបន្តទៀតថា ដោយមានការចូលរួមពីសំណាក់រដ្ឋបាលក្រុងកំពង់ចាម ស្រុកពាក់ពន្ធ័ប្រជាពលរដ្ឋ និងគ្រប់ស្ថាប័ន អង្គការជាដៃគូរក្នុងនានាការចូលរួមរៀបចំសម្អាតអនាម័យ និងសោភ័ណ្ឌភាពល្អ ធ្វើ អោយក្រុងកំពង់ចាម ជាក្រុងបេក្ខភាពទទួលបានជ័យលាភីពីរអាណត្តិជាប់ៗគ្នាផងដែរ នេះជាមោទនៈភាពរបស់ខេត្តកំពង់ចាម ដែលមាន ថ្នាក់ដឹកនាំដ៏ប៉ិនប្រសព្វគួបផ្សំ និងការទទួលខុសត្រូវរបស់បណ្តាមន្ទីរ នឹងស្ថាប័នពាក់ព័ន្ធបន្តការចូលរួមរៀបចំសណ្តាប់ធ្នាប់ សម្អាតក្រុងរបស់យើងអោយមានរបៀបរៀបរយ និងមានសោភ័ណ្ឌភាពល្អបន្ថែមទៀត ដើម្បីបន្តការចូលរួមប្រកួតប្រជែងយកជ័យលាភីរំដួលបីទងនៅអាណត្តិក្រោយៗបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here