អាងស្តុកទឹកដ៏ធំមួយ គ្រោងសាងសង់នៅស្រុកឱរ៉ាល់ ដែលអាចផ្ទុកទឹកទុកបាន ១២០លានម៉ែត្រត្រីគុណ និងកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោត

0
32


ដោយ,btshotnews
ខេត្តកំពង់ស្ពឺ៖ អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម លោក ពេជ្រ វាសនា បានឱ្យដឹងថា ក្រសួងមានគម្រោងរៀបចំស្ថាបនាទំនប់អាងស្ទឹងឃ្លៀច ដែលស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីស្តុកទឹកទុក កាត់បន្ថយគ្រោះទឹកជំនន់ក្នុងស្ទឹងព្រែកត្នោត ដែលតែងកើតមានឡើងជារៀងរាល់ឆ្នាំ។

លោក ពេជ្រ វាសនា បានឱ្យដឹងដូចនេះ ក្នុងពេលដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងទំនប់អាងស្តុកទឹកស្ទឹងឃ្លៀច ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដើម្បីចាប់ផ្តើមរៀបចំសិក្សារបាយការណ៍សមិទ្ធិផល លទ្ធភាពគម្រោង និងសិក្សាប្លង់លម្អិត។

លោកបានគូសបញ្ជាក់ឱ្យដឹងថា គម្រោងទំនប់អាងស្តុកទឹកស្ទឹងឃ្លៀច នឹងចាប់ផ្តើមសាងសង់នាពេលដ៏ខ្លីខាងមុខ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រោយការសាងសង់រួច ទំនប់អាងស្តុកទឹកស្ទឹងឃ្លៀច អាចរក្សាទឹកទុកបានប្រមាណ ១២០លានម៉ែត្រត្រីគុណ ជួយកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោតទៅផ្នែកខាងក្រោមនៃស្ទឹង ផ្តល់ទឹកបន្ថែមសម្រាប់ការស្រោចស្រពស្រូវវស្សាប្រមាណ ៣៥០០០ហិកតា និងស្រូវប្រាំងប្រមាណ ៥០០០ហិកតា ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាជនចំនួន ៥០០០០គ្រួសារ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ផងដែរ។

លោក ពេជ្រ វាសនា បានលើកឡើងថា ទំនប់អាងទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ ជាឃ្លាំងផ្ទុកទឹកទុកយ៉ាងធំសម្រាប់ចែកចាយទៅតាមបណ្តាខេត្តដែលនៅជាប់សណ្តស្ទឹងព្រែកត្នោតបានប្រើប្រាស់ រួមទាំងរាជធានីភ្នំពេញផងដែរ។

ទន្ទឹមនឹងការស្តុកទឹកនេះដែរ ទំនប់ អាងទាំងនេះក៏ជាហានិភ័យមួយយ៉ាងធំសម្រាប់ខេត្តដែលនៅជាប់នឹងសណ្តស្ទឹងព្រែកត្នោតនេះដែរ ពិសេសនៅពេលទំនប់ អាង អស់សមត្ថភាពផ្ទុកទឹកភ្លៀងដែលភ្លៀងលើសកម្រិតក៏បង្កជាជំនន់ ហើយធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានពលរដ្ឋក្នុងខេត្តជាប់សណ្តស្ទឹងត្រូវរងការខូចខាតដោយការលិចលង់នៃជំនន់ទឹកភ្លៀងដែលហូរចេញពីទំនប់អាងទាំងអស់នៃខេត្តកំពង់ស្ពឺ។

គម្រោងសាងសង់ទំនប់អាងស្ទឹងឃ្លៀចនេះ លោក ពេជ្រ វាសនា បានរំពឹងថា នៅថ្ងៃអនាគតខេត្តកំពង់ស្ពឺ ក៏ដូចជាខេត្តដែលស្ថិតនៅតាមសណ្តស្ទឹងព្រែកត្នោត ពិសេសរាជធានីភ្នំពេញ នឹងលែងទទួលរងគ្រោះទឹកជំនន់ដែលហូរធ្លាក់ពីខេត្តកំពង់ស្ពឺទៀតហើយ នៅពេលស្ទឹងឃ្លៀចនេះសាងសង់រួចរាល់។

ជាមួយគ្នានោះក៏ស្របពេលដែលគម្រោងថ្នាក់ជាតិ បាននិងកំពុងពន្លឿនការសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក បញ្ជៀសពីការលិចលង់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ។
លោកអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ទីរជំនាញខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ កែលម្អទំនប់ អាងស្តុកទឹកទាំងអស់ឱ្យមានសុវត្ថិភាព ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗជាយថាហេតុដែលកើតមានឡើងដោយសារជំនន់ទឹកភ្លៀង ដែលនាំឱ្យគ្រោះថ្នាក់ និងប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here