ខេត្តកំពង់ចាម​ បើកយុទ្ធនាការ​ធ្វើ​តេស្តរកសារធាតុញៀនលើមន្ត្រីរាជការ​ស្ម័គ្រចិត្ត​ជិត​ ២,០០០ នាក់

0
15


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ មន្ត្រីរាជការក្នុងខេត្ត​ទាំងអស់​ ត្រូវតែចូលរួមធ្វើតេស្ត​រក​សារធាតុ​ញៀន​ ដើម្បីបញ្ជាក់​ពី​ភាពស្អាតស្អំ និង​ភាពត្រឹមត្រូវ​របស់​ខ្លួន​ ក៏ដូចជាបញ្ជាក់ពីការចូលរួម​គាំទ្រ​ឱ្យមានប្រសិទ្ធភាព​ ក្នុងការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់​ ឱ្យ​ទទួល​បាន​ជោគជ័យ។​ ថ្លែងបែបនេះ​ក្នុង​ឱកាស​បើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ​ នៃ​សាលា​ខេត្ត​ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ ប្រមាណជិត ២,០០០នាក់ នាព្រឹកថ្ងៃទី​៦ ខែមីនា ឆ្នាំ២០២៤ ។

មានប្រសាសន៍​ក្នុង​ឱកាស​នោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ រដ្ឋបាលខេត្ត បាន​ទទួល​​ឧបករណ៍សម្រាប់ធ្វើតេស្ត​ ចំនួន ៥,០០០ ពី​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ជំហាន​ដំបូង​គឺ​ ត្រូវ​បើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការ​នៃ​សាលា​ខេត្ត​ និង​មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង​រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ ជំហាន​បន្ទាប់​នឹង​ឈានទៅដល់ការធ្វើតេស្តក្រុមគ្រូបង្រៀន និងក្រុមគ្រូពេទ្យ សរុបទាំងអស់ប្រមាណជា ២ម៉ឺននាក់ ។

បេីតាម​លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។
ថ្ងៃនេះ រដ្ឋបាលខេត្ត បានរៀបចំធ្វើតេស្តដល់បងប្អូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់​ លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ។
លោកនាយករដ្ឋបាល​ បាន​បន្តថា មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ចាម រួមមានសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៩៦៧នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ ចំនួន​ ៧៣៧នាក់ មកពី ៣៥មន្ទីរអង្គភាព ដែលត្រូវធ្វើតេស្តរកសារធាតុញៀន នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយបែងចែកជា ២វេន ពេលព្រឹក​ មានចំនួន ៩៩១នាក់ (ចំនួន ១៥មន្ទីរ)។​ ពេលល្ងាច​ មានចំនួន ៩៧៦នាក់ (ចំនួន ២០មន្ទីរ-អង្គភាព) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here