អភិបាលខេត្តកំពង់ចាម​ ៖​ ការ​ចុះ​កិច្ចសន្យា​គ្រប់គ្រង​សំរាមពេល​នេះ​ បន្ទាប់ពី​យេីង​បានអនុវត្តសាកល្បងដោយជោគជ័យ

0
17


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ការ​ចុះកិច្ចសន្យា​សម្រាប់​ការងារ​គ្រប់គ្រងសំរាម​ និង​សំណល់​រឹង​ រវាងរដ្ឋបាលក្រុងកំពង់ចាម​ និងក្រុមហ៊ុនស៊ីនទ្រី​ នាពេល​នេះ​ បន្ទាប់ពី​យើង​បានអនុវត្តសាកល្បងដោយជោគជ័យក្នុងឆ្នាំ២០២៣កន្លងមក។​ ថ្លែងបែបនេះ​ក្នុង​ពិធីចុះហត្ថលេខាលើកិច្ចសន្យាប្រមូលដឹកជញ្ជូនសំរាម និង​សំណល់រឹង ទីប្រជុំជន នៅក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​៤​ ខែមិនា​ ឆ្នាំ​២០២៤​ ក្រោមវត្តមាន​ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន​ ។

ក្នុងឱកាសនោះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការ​អនុវត្ត​មុខងារ​ប្រមូល​សំរាម​ស្រប​តាម​អនុក្រឹត្យលេខ​១១៣នេះ​ គឺ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ក្រុងកំពង់ចាម​ ដោយសារ​មាន​ការ​គាំទ្រ​ និង​ជំរុញ​ ជាពិសេស​ គឺ​ឯកឧត្ដម សាយ សំអាល់ ដែល​បាន​ជួយ​​តាំងពី​ដំបូង​ រហូត​ដល់​បច្ចុប្បន្ន​នេះ​ ក៏ដូចជា​ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បច្ចុប្បន្ន​ ដែល​បាន​ជួយ​ជំរុញ​ការងារ​យើង​ឱ្យ​ទទួល​បាន​ជោគជ័យ​ រហូត​ឈានទៅដល់​សម្រេច​បាន​ការ​ចុះ​កិច្ចសន្យា​ក្នុង​ថ្ងៃ​នេះ​ ។

ឯកឧត្ដមអភិបាលខេត្ត​ បានណែនាំ​ឱ្យ​អាជ្ញាធរ​ក្រុង​ ត្រូវ​ពិនិត្យ​លិទ្ធភាព​នៃការ​ពង្រីក​ទីតាំង​បន្ថែម​ទៀត​ ត្រូវ​ប្រមូល​ឱ្យអស់​លិទ្ធភាព​ ព្រោះ​ក្នុង​ក្រុង​កំពង់ចាម​បច្ចុប្បន្ន​នេះ​សឹង​តែ​ជា​ផ្លូវ​កៅស៊ូ​ និង​ផ្លូវ​បេតុង​ ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​មាន​ការ​ដុត​សំរាម​បន្ត​ទៀត​ ពោលគឺ​ ឱ្យ​សក្កិសមជាទីក្រុង ដែលទទួលបានជ័យលាភី រំដួល ៣ទង ។ ចំពោះ​ខាង​ក្រុមហ៊ុន​ដូចគ្នា​ គឺ​ត្រូវ​ពិនិត្យ​លិទ្ធភាព​បន្ថែម​នូវ​មធ្យោបាយ ក៏ដូចជា​​កម្មករ​ ជា​ច្រើន​ទៀត​​ ឱ្យ​ស្រប​តាម​កិច្ចសន្យា​ដែល​បាន​កំណត់​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​លេីក​ឡើង​ថា​ ចំពោះ​ទីលាន​ចាក់​សំរាម​ថ្មី​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៥គីឡូម៉ែត្រ​ពី​ក្រុងកំពង់ចាម​ បន្ទាប់​ពី​សាងសង់​រួច​ គឺ​រដ្ឋបាល​ខេត្ត​ នឹង​មាន​ការ​សិក្សា​លិទ្ធភាព​ នៃការ​រៀបចំ​ ក្រុម​ការងារ​គ្រប់គ្រង​ទីលាន​ចាក់​សំរាម​នោះ​​ឱ្យ​បាន​ល្អ​ ហើយ​ក្រុមហ៊ុន​ស៊ីនទ្រី​ ក៏​លែង​មាន​ការ​ព្រួយបារម្ភ​ ចំពោះ​ការ​ដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ​ទៀត​ដែរ​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ខេត្តកំពង់ចាម គឺជាខេត្តមួយឈានមុខគេនៃបណ្ដាខេត្តទូទាំងប្រទេស ក្នុងការអនុវត្តអនុក្រឹត្យលេខ ១១៣ ពោលគឺ រដ្ឋបាលក្រុងកំពង់ចាម អាចមានលទ្ធភាព បង់ថ្លៃសេវានៃការប្រមូលសំរាមនេះ ដោយមិនត្រូវការថវិកាជំនួយពីរដ្ឋបាលខេត្ត ។ ហើយការងាររបស់រដ្ឋបាលក្រុងកំពង់ចាមនេះ អាចជាបទពិសោធន៍ សម្រាប់ធ្វើការផ្សព្វផ្សាយ ទៅតាមបណ្ដាក្រុង នៃខេត្តផ្សេងៗទៀតយកគំរូតាមផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here