អាជីវករលើកគ្នាតវ៉ាដល់សាលាក្រុងក្រោយថៅកែផ្សារតាខ្មៅថ្មីបិទផ្សារមិនឱ្យលក់ដូរ

0
17


ដោយ,btshotnews
ខេត្តកណ្តាល៖បន្ទាប់ពីអ្នកវិនិយោគផ្សារតាខ្មៅថ្មី បិទផ្សារមិនឱ្យលក់ដូរ ធ្វើឱ្យអាជីវករផ្ទុះការតវ៉ា ប៉ុន្តែក្រោយអភិបាលក្រុងសម្របសម្រួលទើបព្រមបើកឱ្យលក់ដូរវិញ ចំណែកឯចំណុចដែលមិនទាន់ឯកភាពគ្នារវាងអ្នកវិនិយោគថ្មីនិងអាជីវករនឹងត្រូវលើទៅជជែកពិភាក្សាគ្នាពេលក្រោយ ។

 នាព្រឹកថ្ងៃទី០៣ មិនា ២០២៤នេះ ក្រុមអាជីវករផ្សារតាខ្មៅថ្មី ស្ថិតក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ជាច្រើននាក់បានលើកគ្នា មកធ្វើការតវ៉ានៅសាលាក្រុងតាខ្មៅ ក្រោយពេលដែលគណៈគ្រប់គ្រងផ្សារ(ថ្មី) ធ្វើការបិទផ្សារមិនឱ្យពួកគាត់លក់ដូរ ដោយពួកគាត់បានលើកឡើងថា ក្រុមអាជីវករទាំងអស់បានប្រកបរបរលក់ដូរបានសុខសាន្តល្អណាស់ ពុំដែលកើតមានផលរម៉ាស់អ្វីនោះទេ ប៉ុន្តែ បន្ទាប់មានថៅកែថ្មីចូលមកវិនិយោគ ស្រាប់តែបង្កើតបញ្ហា ធ្វើការបិទផ្សារមិនឱ្យពួកគាត់លក់ដូរ ក្រោមលេសជួសជុលប្រព័នុ្ធលូរ និងរុះរើតូបរបស់ពួកគាត់ នាំឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ទើបបានគ្នានាំគ្នាមកសុំកិច្ចអន្តរាគមន៍ពីអភិបាលក្រុង។

ក្រុមអាជីវករ បានបញ្ជាក់ផងដែរថា រឿងជួសជុលប្រពន្ធ័លូរ និងកែលម្អសណ្តាប់ធ្នាប់ ពួកគាត់មិនទោមនស្សនោះទេ!ហេតុអ្វីបានជាត្រូវមកបិទផ្សារមិនឱ្យពួកគាត់លក់ដូរទៅវិញ? និងបានលើកជាសំណូមពរផងដែរថា ទី១ សូមរក្សាទំហំកន្លែងលក់និមួយៗនៅដដែល ទី២ សូមឱ្យមានឃ្លុបដាក់អីវ៉ាន់ឱ្យបានត្រឹមត្រូវ និងមិនត្រូវរុះរោះស្តង់របស់ពួកគាត់ឡើយ ទី៣ សុំទទួលស្គាល់ចំពោះការផ្ទេរសិទ្ធិពីអាជីវករមួយទៅមួយដូចមុន ទី៤ សូមផ្តល់សិទ្ធិដលអាជីវករចាស់ អាចជួលតូប ឬកន្លែងឱ្យទៅអ្នកលក់ផ្សេងទៀតបាន និងទី៥ សូមយកភាស៊ីមួយដងសម្រាប់អាជីវករលក់សំយ៉ាបផ្សារ រួមទាំងកន្លែងផ្សេងៗមានយប់ មានថ្ងៃ ព្រោះអាជីវករកំពុងជួបការលំបាកវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ។

  តំណាងអ្នកវិនិយោគផ្សារតាខ្មៅថ្មី បានលើកឡើងថា ដោយសារមានកិច្ចសម្របសម្រួលពីលោកអភិបាលក្រុង ថៅកែរបស់លោកបានសម្រេចបើកផ្សារឱ្យបងប្អូនអាជីវករលក់ដូរឡើងវិញសិន ហើយចំណុចដែលនៅសេសសល់ទាំងប៉ុន្មាន ថៅកែរបស់លោកនឹងលើកទៅធ្វើការជជែកពិភាក្សាជាមួយអាជីវករនិងអាជ្ញាធរបន្តទៀត។

  ក្រោយកិច្ចសម្របសម្រួលរវាងតំណាងថៅកែផ្សារតាខ្មៅថ្មី ជាមួយក្រុមអាជីវករ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា អ្នកវិនិយោគថ្មី មិនត្រូវបិទផ្សារជាដាច់ខាត ទោះបីត្រូវធ្វើការរៀបចំប្រពន្ធ័លូរ និងសណ្តាប់ធ្នាប់របៀបរៀបរយ ក៏ដៅយ ព្រោះវាប៉ះពាល់ដល់របររកទទួលទានរបស់បងប្អូនអាជីវករ ហើយឥឡូវថៅកែផ្សារតាខ្មៅថ្មី បានសម្រេចបើកផ្សារឱ្យបងប្អូនលក់ដូរឡើងវិញហើយ ចំណែកឯបញ្ហាដែលនៅសេសសល់ នៅមិនទាន់មានការឯកភាពគ្នា យើងនឹងលើកយកមកដាក់លើតុដើម្បីជជែកពិភាក្សាគ្នា ដើម្បីស្វែងរកនូវចំណុចវិជ្ជមានឈ្នះ ឈ្នះ ទាំងអស់គ្នា រវាងអ្នកដែលទទួលសិទ្ធវិនិយោគ និងក្រុមអាជីវករទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here