អភិបាលខេត្តកំពង់ចាម ៖ រយៈពេល​៧ថ្ងៃ​ ​ម្ចាស់​ដី​បាន​កាយ​យក​ថ្មចេញ​ពី​ទន្លេ​វិញ​ប្រមាណ​៧០%​ហើយ​ យ៉ាងយូរ​១០ថ្ងៃ​ទៀត​នឹង​រួចរាល់​១០០%

0
34


ដោយ,ប៉ៃ លិន
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន ចាន់ដា បានអះអាងថា​ ម្ចាស់​ទីតាំង​ដីដែលធ្វើសកម្មភាពចាក់ថ្មចូលទន្លេ​ ស្ថិតនៅ​ក្នុង​ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ដោយ​អនុវត្តវិធានការរបស់រដ្ឋបាលខេត្ត​ ត្រឹមរយៈពេល​៧ថ្ងៃ​ ​ម្ចាស់​ដី​បាន​កាយ​យក​ថ្មចេញ​ពី​ទន្លេ​វិញ​ប្រមាណ​ ៧០%​ហើយ​ យ៉ាងយូរ​១០ថ្ងៃ​ទៀត​នឹង​រួចរាល់​ជាស្ថាពរ​ ១០០% ឯកឧត្តម​អភិបាលខេត្ត ថ្លែងបែបនេះ​ក្នុង​ឱកាស​ដឹកនាំ​ក្រុម​ការងារ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ចុះពិនិត្យដោយផ្ទាល នូវសកម្មភាពកាយយកថ្មចេញពីទន្លេ ស្ថិតនៅចំណុចដីកើតហេតុ​ខាងលើ​ នាព្រឹកថ្ងៃទី​២​ ខែមិនា​ ឆ្នាំ​២០២៤​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ ក្រោយអនុវត្តតាមវិធានការរបស់​រដ្ឋបាល​ខេត្ត ម្ចាស់ដីបានប្រើគ្រឿងចក្រ​ ដើម្បីកាយថ្មចេញពីទន្លេវិញ រហូតមកដល់ពេលនេះ បើពិនិត្យមើលតាមស្ថានភាពជាក់ស្ដែង ផ្នែកនៅលើផ្ទៃទឹក​ គឺបានយកចេញអស់ហើយ ទន្ទឹមនឹងនេះអ្វីដែលជាការងារបន្ត ពួកគាត់ត្រូវបំពេញទៅតាមការកំណត់របស់រដ្ឋបាលខេត្ត គឺត្រូវយកថ្ម​ឱ្យអស់​ទាំងផ្នែកខាងលើ និងផ្នែកខាងក្រោម​ផ្ទៃ​ទឹក​ ។

ឯកឧត្តម​អភិបាលខេត្ត បានបន្ត​ថា ចំពោះមុខ ម្ចាស់ដីបានកាយថ្មចេញសម្រេចបាន ៧០% ហើយពួកគាត់កំពុងបន្ត កាយយកថ្មចេញធ្វើយ៉ាងណា​ឱ្យអស់​ពីទន្លេ ដើម្បីចៀសវាងការប៉ះពាល់ នៃការធ្វើដំណើររបស់នាវាចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទីនេះ ជាពិសេសគឺអនុវត្តទៅតាមគោលការណ៍នែនាំរបស់រដ្ឋបាលខេត្ត ដែលបានកំណត់​ឱ្យ​ពួកគាត់យកថ្មចេញ​ឱ្យ​អស់​ ធ្វើយ៉ាងណារក្សាស្ថានភាពដើមនៃទន្លេវិញ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានណែនាំដល់មន្ត្រីនៃមន្ទីរធនធានទឹក សហការជាមួយនឹងក្រុមការងារប្រមូលថ្មចេញ ដោយត្រូវដាក់ពោងកំណត់ព្រំប្រទល់ និងការកំណត់ជម្រៅទឹក និងឈានដល់ការតាមដានអង្កេត និងការចូលរួមសហការពេលក្រុមជំនាញពាក់ព័ន្ធ មានទាំងខាងមន្ត្រីមន្ទីរធនធានទឹក និងមន្ត្រីមន្ទីរសាធារណការ ក៏ដូចជាមន្ទីរបរិស្ថានជាដើម ដើម្បីធ្វើកិច្ចការនេះ​ឱ្យ​ប្រាកដថា ថ្មត្រូវបានយកចេញអស់ពីទឹកទន្លេនោះ ។

ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏​បាន​បញ្ជាក់ជូនសាធារណៈជនដែលបានតែងតែគាំទ្រ នូវចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ចាម និងបានផ្ដល់នូវយោបល់មករដ្ឋបាលខេត្ត អញ្ចឹងអ្វីដែលយើងបានឃើញនៅទីនេះ គឺអាជ្ញាធរខេត្តបានរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាឱ្យភូមិ ឃុំ ស្រុក ខេត្តរបស់យើងនេះ ទទួលបាននូវការរស់នៅ ប្រកបដោយសុខដុមរមនា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាផ្នែកមួយដែលនាំមកនូវការអភិវឌ្ឍន៍ និងការរីកចម្រើនដល់ប្រជាពលរដ្ឋរបស់យើង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here