អភិបាលខេត្តកំពង់ចាម​៖​ បេី​មន្ត្រី​មាន​សមត្ថភាព​បម្រើ​ពលរដ្ឋ​បាន​ល្អ​ ជា​ឱកាស​​ពិសេស​សម្រាប់​ការ​ប្រែក្លាយ​កម្ពុជា​

0
19


កំពង់ចាម​:​ ក្នុង​ឱកាស​បើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការលើកទី១ ឆ្នាំ២០២៤​ នាព្រឹកថ្ងៃទី​២៧​ ខែកុម្ភៈ​នេះ​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ បើមន្ត្រីនៅថ្នាក់មូលដ្ឋានមានសមត្ថភាពបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាឱកាសពិសេសសម្រាប់ការប្រែក្លាយកម្ពុជា​ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងរយៈពេលខ្លី​ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ព្រមទាំងការធ្វើសមាហរណកម្ម ដោយជោគជ័យទៅក្នុងតំបន់ និងសកលលោក​ផងដែរ​។

ថ្លែង​ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត មានប្រសាសន៍​ថា​ នេះ​ជា​វគ្គបណ្តុះបណ្តាល ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការលើកទី១ សម្រាប់មន្ត្រីរដ្ឋបាលក្រុង ស្រុក ដែលមានមុខតំណែងជា អនុប្រធានការិយាល័យ អនុប្រធានអង្គភាព ទាំង១៣ ចំណុះក្រុង ស្រុក ក្នុងខេត្តកំពង់ចាម​ ក្រោមការផ្តួចផ្តើមឡើងដោយគណៈអភិបាលខេត្តក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រី រាជការក្រុង ស្រុក នៃរដ្ឋបាលខេត្តកំពង់ចាម។

​ឯកឧត្ដមអភិបាលខេត្ត​ បានបន្ត​ថា​ នេះជា​ការ​ចូលរួមចំណែក លើកកម្ពស់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាព វិជ្ជាជីវៈក្នុងការបំពេញការងារ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ​ រួមចំណែកអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចកម្ពុជា ដើម្បីជាក្របខ័ណ្ឌរួមក្នុងការកសាងស្ថាប័នរដ្ឋមួយរឹងមាំ និងឯករាជ្យ​ ដែលមានប្រព័ន្ធអភិបាលកិច្ចត្រូវបានធ្វើទំនើបកម្មជាប្រចាំ គ្រប់ជ្រុងជ្រោយ មានភាពធន់ និងមានប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច​ ក្នុងល្បឿនខ្ពស់​ ដែលត្រូវបានទទួលស្គាល់ទាំង ក្នុងតំបន់ និងសកលលោក។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏​បានសង្កត់ធ្ងន់ថា​ ជោគជ័យដ៏ធំធេង និងត្រចះត្រចង់ខាងលើ បានមកពីកិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល ដែលប្រកាន់ខ្ជាប់នូវការតម្កល់ ប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងការអនុវត្តការកែទម្រង់ជាប្រចាំដោយមានការគាំទ្រពី គ្រប់ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធ ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here