រយៈពេល​២ថ្ងៃ​ កាយ​យក​ថ្ម​ចេញ​ពី​ទន្លេ​បាន​១០%ហេីយ​ ខណៈ​ម្ចាស់​ទីតាំងដី​​អះអាងថាជាង ១០ថ្ងៃទៀត​នឹង​កាយយកថ្មចេញពីទន្លេ​ឱ្យអស់​

0
26


កំពង់ចាម​:​ ដោយ​អនុវត្ត​តាម​វិធានការ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម​ ម្ចាស់​ទីតាំង​ដី​ ១កន្លែង​ ស្ថិត​ក្នុង​ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បាន​ធ្វើ​ការ​កាយ​យក​ថ្ម​ចេញ​ពី​ទន្លេ​វិញ​ ​បាន​ប្រមាណ​ជា​១០%ហេីយ​ ត្រឹម​រយៈពេល​ ២ថ្ងៃ​កន្លង​មក​នេះ​ ខណៈ​ម្ចាស់​ដី​នេះ​បាន​ទទួល​ស្គាល់​កំហុស​ក្នុង​ការ​ចាក់​ថ្ម​បង្ហាប់​ការពារ​ច្រាំង​ទន្លេ​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​ ហេីយ​បាន​អះអាងថា យ៉ាងយូរជាង ១០ថ្ងៃ​ទៀត​ ក្រុមការងារ​នឹង​កាយយកថ្មចេញពីទន្លេ​ឱ្យ​អស់​​ ។

លោក ទន់ ឆៃអ៊ាង ម្ចាស់​ទីតាំង​ដី​ខាងលើ​ ​បាន​ឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ នេះ​ថា ក្រុមការងាររបស់លោក គឺធ្វើការ ២៤ម៉ោងតែម្ដង ដោយបច្ចុប្បន្នកាយបានប្រមាណជា ១០% ហើយ ដោយប្រើគ្រឿងចក្រ អាអិច ៦គ្រឿង ប្លុងតុង ២ និងរថយន្ត ២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេ ឱ្យរួចរាល់ក្នុងរយៈពេលជាង ១០ថ្ងៃទៀត។

ម្ចាស់ដីរូបនោះបាន​ឱ្យដឹង​ទៀតថា កាលពីឆ្នាំ ២០២១ កន្លងទៅ ច្រាំងទន្លេគឺនៅចំណុចដែលបានចាក់ថ្មនោះ បានបាក់ស្រុតជាបន្តបន្ទាប់ ហេតុដូច្នោះហើយ ទើបលោកបានចាក់ថ្មដើម្បីទប់កុំ​ឱ្យ​បាក់ច្រាំងបន្តទៀត ។ ហើយអ្វីដែលជាកំហុសនោះ គឺលោកមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ មុនពេលធ្វើសកម្មភាព​នោះ​ ទើបបណ្តាល​ឱ្យ​កើតមាននូវបញ្ហា​បែក​នេះ ។ ហើយ​លោកសូមទទួលនូវកំហុសនេះ ព្រមទាំង​អនុវត្តទៅតាមវិធានការ របស់រដ្ឋបាលខេត្តកំពង់ចាម យល់ព្រមបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ និងខិតខំធ្វើការកាយយកថ្មដែលបានចាក់រួចហើយនោះចេញវិញ​ឱ្យ​អស់ មុនពេលកំណត់ ។

គួរ​រំលឹកថា កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាល​ខត្តកំពង់ចាម បានចាត់វិធានការជាបន្ទាន់ករណី ចាក់ថ្មចូល​ផ្ទៃ​ទន្លេមេគង្គ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយអាជ្ញាធរបានហៅ​លោក ទន់ ឆៃអ៊ាង ម្ចាស់​ទីតាំង​ដី​មកផ្តិតមេដៃ ឱ្យ​បញ្ឈប់ជាបន្ទាន់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលទន្លេនេះអនុវត្តដូចខាងក្រោម៖

១. បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។

២. ត្រូវធ្វើការកាយ​ និងយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅ ថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។

៣.​ ភាគីម្ចាស់ដីត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្តង ឬតាមពេលវេលាជាក់ស្តែង។

លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម​ បានបញ្ជាក់​ថា​ ចំពោះករណីនេះគ្រាន់ជាវិធានការបឋម​ និង​ជា​បន្ទាន់​ប៉ុណ្ណោះ ជាវិធានការបន្ទាប់ គឺរដ្ឋបាលខេត្តកំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here