អភិបាលខេត្តកំពង់ចាម​៖​ ត្រូវលើកកម្ពស់គុណវុឌ្ឍិ​ សមត្ថភាពគ្រូបង្រៀន ពង្រឹងការគ្រប់គ្រង ផ្សារ​ភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន

0
34


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ យេីង​ត្រូវលើកកម្ពស់គុណ​វុឌ្ឍិ​ សមត្ថភាពគ្រូបង្រៀន ពង្រឹងការគ្រប់គ្រង ការពិនិត្យតាមដាន វាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្ស​សម្រាប់បន្តវេន និងការពង្រាយគ្រូទៅកន្លែង ដែលខ្វះគ្រូឱ្យបានសមស្រប។​ ថ្លែងបែបនេះ​ក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤​ នារសៀលថ្ងៃទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​។

ថ្លែងក្នុងឱកាស​នោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានស្នេី​ដល់​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ ត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ជា ពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ ប្រកបដោយ សមត្ថភាពរីកចម្រើនលើគ្រប់ផ្នែក គឺចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស គុណធម៌ ចរិយាធម៌ និងសុខមាលភាព ដែលជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ជីវភាពរស់នៅពិតប្រាកដក្នុងសង្គមជាតិយើង។

ឯកឧត្ដមអភិបាលខេត្ត​ បានស្នេី​សូមឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើការប្រមូលកុមារគ្រប់អាយុឱ្យចូលរៀនបាន ច្រើនប្រកបដោយសមធម៌ ទោះបីជាពួកគេស្ថិតនៅទីកន្លែងណា រស់នៅក្នុងស្ថានភាពបែបណាក៏ដោយ ជាពិសេសនៅតំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល ដោយអនុវត្តតាមទិសស្លោក “សាលារៀនគឺ ត្រូវស្វែងរកកុមារ ត្រូវតែខិតខំកសាងសាលារៀន ហើយបង្កើតបរិស្ថានរៀនសូត្រដល់សិស្សានុសិស្សឱ្យ ប្រកបដោយផាសុកភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពោលគឺប្រែក្លាយសាលារៀនជាសាលាកុមារមេត្រី ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង ចំណេះធ្វើ សមត្ថភាពជំនាញខ្ពស់ មានសីលធម៌រស់នៅល្អ ចេះរួម រស់នៅជាមួយគ្នាដោយសុខដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បាន​ធ្វើការអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ អ្នកពាក់ព័ន្ធជាមួយនឹងការងារអប់រំទាំងអស់ សូមធ្វើការផ្សព្វផ្សាយរាល់សារាចរ សេចក្តី ណែនាំផ្សេងៗ ពិសេសគឺការងារទាក់ទងនឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព ក្រុមទំនើង” ការអនុវត្តបទបញ្ញតិ នៃច្បាប់ចរាចរផ្លូវគោកថ្មី ការជួញដូរកុមារ និងការប្រើប្រាស់គ្រឿងញៀន ការលុប បំបាត់ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរបំផុត ការគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន និងការទប់ស្កាត់ជំងឺ​ឆ្លង​ឱ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សទាំងអស់ ដើម្បីឱ្យពួកគេមានទុន មានគ្រឹះក្នុងការកសាង និងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជា “កូនល្អ សិស្សល្អ មិត្តល្អ” នៅថ្ងៃអនាគត​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here