សិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការរៀបចំដែនដីខេត្តស្វាយរៀង២០២៤ – ២០៤៤ និងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងបាវិត 

0
40


ដោយលោក ថត ភារៈ ស្វាយរៀង ៖ ឯកឧត្តម  មាន ចន្ទ័ វណ្ណនី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និង ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​  បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការរៀបចំដែនដីខេត្តស្វាយរៀង២០២៤ – ២០៤៤ និងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងបាវិត ដែលបានរៀបចំ ប្រព្រឹត្តទៅនៅសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង។

ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង
បានមានប្រសាសន៍ថា​ ផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្ដោតជាសំខាន់លើរបៀបវារៈធានា ប្រសិទ្ធភាពសមិទ្ធកម្ម តាមរយៈការអនុវត្តអភិក្រម ’ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រម ’ជវភាព នៃប្រព័ន្ធតួអង្គតែមួយ”។

ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្ម នគរូបនីយកម្ម សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋា-ភិបាលផ្ដោតអាទិភាពលើ ៥ ចំណុច ដោយក្នុងនោះការងារកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការពង្រឹងសមត្ថភាពអនុវត្តការងារកសាងផែនការរៀបចំដែនដី និង  នគរូបនីយកម្មថ្នាក់ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ នៅទូទាំងរាជធានី-ខេត្ត ការរៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព និងការរៀបចំទីក្រុង ជាពិសេស ពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុងវៃឆ្លាត ឬទីក្រុងបៃតង ឬទីក្រុងដែលគួរឱ្យចង់រស់នៅ គឺជាកិច្ចការដ៏ចម្បងមួយផងដែរ ហើយដែលទាមទារឲ្យយើងត្រូវមានការរៀបចំផែនការឲ្យបានល្អប្រសើរ ច្បាស់លាស់ មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ គិតគូរបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយយចក្ខុវិស័យ បម្រើឲ្យផលប្រយោជន៍រួម ឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ និងតម្រូវការរបស់ប្រជាពលរដ្ឋ ។

ក្នុងឪកាសនោះ ឯកឧត្តម  មាន ចន្ទ័ វណ្ណនី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៏ថា
សិក្ខាសាលានាឱកាសនេះ ក្រុមការងារទីប្រឹក្សា ADB នឹងធ្វើការ បង្ហាញជូននូវលទ្ធផលនៃការរកឃើញសំខាន់ៗក្នុងសេចក្តីព្រាងផែនការរៀបចំ ដែនដីខេត្តស្វាយរៀង ចក្ខុវិស័យឆ្នាំ២០៤៤ និងសេចក្តីព្រាងប្លង់គោលប្រើ ប្រាស់ដីនិងផែនការប្រើប្រាស់ដីក្រុងបាវិត ដែលជាគោលគំនិតសម្រាប់ អភិវឌ្ឍក្រុងបាវិត ខេត្តស្វាយរៀងនាពេលអនាគត។

ឯកឧត្តម បន្តថា ស្ថិតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានៃការបើកសិក្ខាសាលានេះ ក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគ រូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការរៀបចំដែនដីនិងនគរូប នីយកម្មថ្នាក់ជាតិ សូមថ្លែងអំណរគុណជាថ្មីម្តងទៀតជូនចំពោះ ឯកឧត្តម លោកជំទាវ និងអង្គសិក្ខាសាលាទាំងមូល ដែល បានចូលរួមក្នុងសិក្ខាសាលាដ៍មានសារៈសំខាន់នេះ និងខ្ញុំសូមលើកទឹកចិត្តឱ្យមានការលើកឡើងនូវទិន្នន័យនិងព័ត៌មាន ការពិគ្រោះយោបល់ និងធាតុ ចូលឱ្យបានផុលផុស ដើម្បីចូលរួមឱ្យផែនការរៀបចំដែនដីខេត្តស្វាយរៀង និងប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីក្រុងបាវិត មានលក្ខណៈ គ្រប់ជ្រុងជ្រោយ និងធានាបាននូវការអភិវឌ្ឍប្រកបដោយ ចីរភាព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here