អភិបាលខេត្តត្បូងឃ្មុំ ជាមួយពលរដ្ឋប្រមាណ១០មុឺននាក់​ ចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់

0
31


ត្បូងឃ្មុំ​:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋប្រមាណ១០ម៉ឺននាក់ បាន​ចូលរួមចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែកុម្ភៈនេះ។ នេះបើយោងតាមការឲ្យដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។

ពិធីចាប់ត្រីនេះ បាន​ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។

គូសបញ្ជាក់ថា ៖ ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា ៖
-លេខ១ ទទួលបានថវិកាចំនួន ៥០០​ ០០០រៀល​
-លេខ២ ទទួលបានថវិកាចំនួន ៤០០​ ០០០រៀល​
-លេខ៣ ទទួលបានថវិកាចំនួន ៣០០​ ០០០រៀល
-លេខ៤ ទទួលបានថវិកាចំនួន ២០០​ ០០០រៀល
-លេខ៥ ទទួលបានថវិកាចំនួន ១០០​ ០០០រៀល
-លេខ៦ ដល់លេខ១០ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០​ ០០០រៀល ពីឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងចែកជូននូវនំបញ្ចុកសម្លខ្មែរ និងត្រីស្រស់ ចំនួន៣០០គីឡូក្រាមដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមនាកម្មវិធីនេះផងដែរ ។

សូមជម្រាបថាៈ តំបន់បឹងក្រម មានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី។ ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here