អភិបាលខេត្ត​កំពង់ចាម​ ជម្រុញដល់គ្រប់សាលារៀន​ ត្រូវ​បង្ហាត់​បង្រៀន​ ឱ្យ​សិស្សានុសិស្ស បានយល់ដឹង អំពី​វិធីបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះជនរងគ្រោះដោយ​អគ្គីភ័យ​

0
35


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​​ បានស្នេី​ដល់​​មន្ទីរអប់រំយុវជន និងកីឡា​ ឱ្យ​ជម្រុញដល់គ្រប់សាលារៀន​ ធ្វើយ៉ាងណា​ត្រូវ​បង្ហាត់​បង្រៀន​ឱ្យ​សិស្សានុសិស្ស បានយល់ដឹង អំពី​វិធីបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះជនរងគ្រោះដោយ​អគ្គីភ័យ​ផងដែរ​ ថ្លែងបែបនេះ​ក្នុង​ឱកាស​ប្រារព្ធ​ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ នៅព្រលានយន្តហោះ ស្ថិតក្នុង​ភូមិប្រសំ ឃុំរអាង​ ស្រុកកំពង់សៀម​​​ នាព្រឹកថ្ងៃទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ ។

ឆ្លៀត​​ក្នុង​ឱកាស​នោះ​​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអំពាវនាវសូម​ឱ្យ​បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវមានស្មារត​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុងការចូមរួម បង្ការទប់ស្កាត់​គ្រោះ​អគ្គីភ័យ​ ព្រោះការងារបង្ការទប់ស្កាត់គ្រោះ​អគ្គីភ័យ​មិន​មែន​ជា​កាតព្វកិច្ច​ របស់នណា​ម្នាក់​នោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ច​របស់​យេីង​ទាំង​អស់​គ្នា​ ដូច្នេះ​នៅគ្រប់លំនៅដ្ឋានរបស់បងប្អូនទាំងអស់គ្នា គួរ​តែ​មាន​ឧបករណ៍​បង្ការ​ ពន្លត់​អគ្គីភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារៈ​សាមញ្ញៗ​ មាន​ដូចជា​ភួយ​ ខ្សាច់​ មាន​ទឹក​បំរុងទុកពេញពាង​ បេី​មាន​ទុយយោ​ទឹក​ ម៉ូទ័រ​បូម​ទឹក​ ម៉ាស៊ីនបូមបាញ់ទឹក​កាន់តែ​ប្រសើរ​ សម្រាប់ពេលដែលមានភ្លេីងឆេះគ្រាដំបូង។ ​
ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​សង្កត់​ធ្ងន់​ឱ្យ​មាន​ការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើង ចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស) ជាដើម ។ ជា​ពិសេស​ត្រូវ​ពិនិត្យ​មេីល​ប្រព័ន្ធ​បច្ចេកទេស​ ខ្សែ​បណ្តាញ​អគ្គិសនី​ផងដែរ​។

ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ទោ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានធ្វេីសេចក្តីរាយការណ៍ អំពីសភាពការណ៍គ្រោះអគ្គីភ័យ ដែលកើតមានឡើង នៅក្នុងភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ក្នុងឆ្នាំ២០២៣កន្លងទៅ​ មានរហូតដល់ទៅ​ ២៧លើក​ បណ្តាល​ឱ្យ​ឆេះផ្ទះ​អស់​ ២៥ខ្នង ស្លាប់​មនុស្ស​​ ៣នាក់​ របួស​ ៥នាក់​ និងខូចខាតជាទឹកប្រាក់សរុបចំនួន ៣៨៣,៤០០,០០០ រៀល (បីរយប៉ែតសិបបីលាន បួនរយពាន់រៀលគត់)​។ ​បើធៀបក្នុងឆ្នាំ២០២២ មានការថយ ចុះ២លើក ។

គួរ​បញ្ជាក់​ផង​ដែរថា​ ក្នុង​ពិធី​​នេះក៏មានការបង្ហាញពីសកម្មភាពជួយ អន្តរាគមន៍ពន្លត់អគ្គីភ័យមានលក្ខណៈសាមញ្ញៗ​ ដោយប្រើប្រាស់ភួយជ្រលក់ទឹក បាល​ប្រភេទ​ពន្លត់​អគ្គីភ័យ​ បំពង់ពន្លត់អគ្គីភ័យ ដែលជាវិធី​សាស្ត្រ​សង្គ្រោះបឋម​ ក្នុងពេលមានគ្រោះអគ្គីភ័យ និងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យកេីតឡេីងផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here