អភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ឱ្យ​​ត្រួតពិនិត្យ​ជាប្រចាំ​ លេី​ទីតាំង​ធ្លាប់​​បេីក​ល្បែង​ផ្សងសំណាង​ ​និង​ហាង​បញ្ចាំ​​ ចំពោះ​ការ​លក់ដូរ​សាច់សត្វ​ ត្រូវ​មាន​តម្លៃ​សមរម្យ​ និង​អនាម័យ​

0
31


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​មាន​យន្តការ​តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ​ នៅលើ​ទីតាំង​ធ្លាប់​បេីក​ល្បែង​ផ្សងសំណាង​ និង​ហាង​បញ្ចាំ​ពុំមាន​ច្បាប់​អនុញ្ញាត​ ចំពោះ​ការ​លក់​សាច់សត្វ​ត្រូវ​មាន​តម្លៃ​សមរម្យ​ ដែល​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន​ និង​មាន​អនាម័យ​ត្រឹមត្រូវ​ផងដែរ​ ។ ឯកឧត្តម​ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំវាយតម្លៃការអនុវត្តវិធានការ​ និងបទបញ្ជានានា​ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ នាព្រឹកថ្ងៃទី​១៦ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ ។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ចុងក្រោយ របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ភ្លាម​ៗ​ អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​​ បាន​ធ្វើ​ការ​បិទ​នូវ​ទីតាំង​ល្បែង​ផ្សងសំណាង​ សរុប​ចំនួន​​ ៤០៦ទីតាំង​ លើ​៤០៦ទីតាំង​ ក្នុង​នោះ​ម្ចាស់​ទីតាំង​មួយ​ចំនួន​ក៏​បាន​ស្ម័គ្រចិត្ត​បិទ​ដោយ​ខ្លួន​ឯង​ផង​ដែរ​ ។
ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ធ្វើ​ការ​ណែនាំ​ដល់​គណៈអភិបាល​ក្រុង​ ស្រុក​ ត្រូវ​ចាត់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ឱ្យ​ចុះ​ធ្វើ​ការ​ឃ្លាំមើល​ជាប្រចាំ​ នូវ​ទីតាំង​​ល្បែង​ផ្សងសំណាង​ក្នុង​មូលដ្ឋាន​និមួយៗ​ ហើយ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​រាយការណ៍​ក្នុង​មួយ​ខែ​មួយ​ដង​ ក្នុង​ករណី​បើ​ឃេីញ​មាន​​លួច​បេីក​វិញ​នោះ​ គឺ​ត្រូវ​តែ​ចាប់​ភ្លាម​ៗ​តែម្ដង​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​គណៈអភិបាល​ក្រុង​ ស្រុក​ទាំង​អស់​ ត្រូវ​មាន​យន្តការ​តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ​ នូវ​ទីតាំង​ហាង​បញ្ចាំ​​ទាំងអស់​ ក្នុង​ករណី​ពុំ​មាន​ច្បាប់​អនុញ្ញាត​​ គឺ​ត្រូវ​ធ្វើ​កិច្ច​សន្យា​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ ដេីម្បី​ធ្វើ​ការ​ណែនាំ​ដល់​ម្ចាស់​ទីតាំង​​ទាំង​នោះ​ ឱ្យ​រៀបចំ​ធ្វើ​ច្បាប់​ លេីសពីនោះ​ត្រូវ​ជំរុញ​ការ​ទទួល​ខុសត្រូវ​ ឱ្យ​បាន​គ្រប់​លំដាប់​ថ្នាក់​​ ព្រោះ​ក្នុង​ខេត្តកំពង់ចាម​ទាំងមូល​ បច្ចុប្បន្ន​នេះ​មាន​ហាង​បញ្ចាំ​សរុប​ចំនួន​ ​៦៧​ទីតាំង​ ក្នុង​នោះ​ពុំមាន​​ច្បាប់​អនុញ្ញាត​ចំនួន​​ ៤២ទីតាំង​ និង​មាន​ច្បាប់​ ២៥ទីតាំង​ ផងដែរ​ ។

ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ជំរុញ​ដល់​អ្នក​វិនិយោគ​ អ្នក​ពិឃាដ​សត្វ​ និង​អ្នក​ចែកចាយ​សាច់សត្វ​ ឱ្យ​លក់​សាច់សត្វ​ក្នុង​តម្លៃ​សមរម្យ​ដែល​ប្រជាពលរដ្ឋ​ ​អាច​ទទួល​យក​បាន​ និង​មាន​អនាម័យ​ត្រឹមត្រូវ​​ ពោលគឺ​ត្រូវ​លក់​ក្នុង​តម្លៃ​ ឱ្យ​ស្មើនឹង​ខេត្ត​គេ​ផ្សេងៗ​ ឬ​តម្លៃ​ទាប​ជាង​ លេីសពីនោះ​ត្រូវ​ឱ្យ​មាន​តម្លៃ​ស្មើ​គ្នា​នៅ​តាម​បណ្ដា​ក្រុង​ ស្រុក​ ទូទាំង​ខេត្ត​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here