សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពីការអភិវឌ្ឍអាជីវកម្មក្រោយវិបត្តិជំងឺកូវីដ-១៩

0
34


ដោយ,ភក្ដី
ស្ទឹងត្រែង ៖នាព្រឹកថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នេះ លោក ថោង ស្រាន់ អភិបាលរងខេត្តស្ទឹងត្រែង តំណាង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩ នៅឯសាលប្រជុំ សាលាខេត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់អាជីវករ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្តផងដែរ។

បើតាមការបញ្ជាក់ពី លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា ÷ គោលបំណងសិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏ល្អ មួយសម្រាប់ម្ចាស់សហគ្រាស បានជួបផ្ទាល់ជាមួយធនាគារ និងក្រុមហ៊ុនផ្តល់សេកម្មផ្សេងៗ ដើម្បីបង្ហាញអំពីសេចក្តីត្រូវការរបស់ខ្លួនទៅកាន់ធនាគារ និងក្រុមហ៊ុនផ្តល់សេវាកម្មទាំងនោះ ឲ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់ ក៏ដូចជាឲ្យសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដឹងអំពីបញ្ហាដែលកើតមានឡើងក្នុងសហគ្រាសនីមួយៗ យកមកប្រមូលផ្ដុំជាឯកសារ ស្វែងរកវិធីដោះស្រាយជូនម្ចាស់សហគ្រាសឱ្យទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន។

ក្នុងនោះ លោកឧកញ៉ា ក៏បានអំពាវនាវឲ្យប្រជាពលដ្ឋ ត្រូវរួមកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង ដោយនាំគ្នាងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ដើម្បីជួយដល់សហគ្រាសក្នុងស្រុក មានលទ្ធភាពក្នុងការផលិត និងមានប្រាក់ចំណេញ ជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕

មានប្រសាសន៍បើកក្នុងអង្គសិក្ខាសាលា លោក ថោង ស្រាន់ អភិបាល នៃគណៈអភិបាលរងខេត្តស្ទឹងត្រែង បានកោតសរសើរ ដល់អាជីវករដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ ដែលបានខិតខំចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើម្បីស្វែងយល់បន្ថែមទៀតពីសិក្ខាសាលាដែលកំពុងមាននៅថ្ងៃនេះ ហើយសូមឱ្យមានការខិតខំប្រឹងប្រែងស្ដាប់ និងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឱ្យកាន់តែជ្រួតជ្រាបបន្ថែមនូវចំណេះដឹងដែលបានបង្ហាញពីសំណាក់គ្រូឧទ្ទេសនៃសិក្ខាសាលានេះ។

លោក ថោង ស្រាន់ បានបញ្ជាក់បន្ថែមទៀតថា÷ ការលើកកម្ពស់ ការគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអភិបាលរងខេត្តបាន អំពាវនាវសូមឱ្យប្រជាពលរដ្ឋគាំទ្រដល់ផលិតផលក្នុងស្រុក ដែលយើងកំពុងតែមានសព្វថ្ងៃ ដែលអាជីវករជាម្ចាស់សហគ្រាស ខិតខំកែច្នៃផលិតនូវផលិតផលផ្សេងៗទៀតដែលកំពុងមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ទន្ទឹមនឹងនោះមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ សូមម្ចាស់សហគ្រាសទាំងអស់ខិតខំពង្រឹងទៅលើគុណភាពនៃផលិតផលរបស់ខ្លួន ព្រោះកាលណាដែលផលិតផលរបស់ខ្លួនមានគុណភាពល្អ តម្លៃសមរម្យ ប្រាកដណាស់នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាក់ជាមិនខាន និងមិនត្រូវផលិតនូវផលិតផលណាដែលគ្មានគុណភាព ក្លែងក្លាយ ក្លែងបន្លំឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here