អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា​ អាជ្ញាធរត្រូវចុះបង្ក្រាប និងពិនិត្យអាជ្ញាប័ណ្ណ​ អាជីវកម្មល្បែង តាមមូលដ្ឋាន

0
7


ត្បូងឃ្មុំ​:​ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ​ បានថ្លែងថា​ អាជ្ញាធរត្រូវចុះបង្ក្រាប និងពិនិត្យអាជ្ញាប័ណ្ណអាជីវកម្មល្បែង តាមមូលដ្ឋាន ហើយបើពិនិត្យឃើញថាមិនមានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណផុតកំណត់ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ។ ចំណែក កន្លែងដែលមានអាជ្ញាប័ណ្ណ បន្តឱ្យបើក ប៉ុន្តែមិនឱ្យពង្រីកទីតាំងបន្ថែមជាដាច់ខាត​។ ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំពិភាក្សាលើការងារល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល/អភិបាលរងស្រុក/ក្រុងទាំង៧ ព្រមទាំងពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​នាព្រឹកថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបញ្ជាឱ្យរដ្ឋបាលខេត្ត ត្រូវបង្កើតក្រុមការងារដឹកនាំដោយអភិបាលរងខេត្ត០១រូប ដែលមានមន្ទីរ/អង្គភាព និងរដ្ឋបាលក្រុង/ស្រុក ជាសមាជិក ដើម្បីបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានដាស់តឿនទៅដល់អាជ្ញាធរមូលដ្ឋាន « ត្រូវត្រួតពិនិត្យទីកន្លែង ដែលមានល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានច្បាស់លាស់ ដើម្បីបង្ក្រាបឲ្យមានប្រសិទ្ធភាព ជាពិសេសមន្ត្រីសមត្ថកិច្ច ត្រូវដកខ្លួនចេញឲ្យឆ្ងាយកុំឲ្យមានការពាក់ព័ន្ធ បើមិនដូច្នេះទេ ត្រូវអនុវត្តន៍ទៅតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ»។

ជាមួយគ្នានោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏​បានណែនាំដល់មន្ត្រីរាជការ កងកម្លាំងទាំង៣ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត <<កុំ៣ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង>> ត្រូវយកការទទួលខុសត្រូវមួយក្នុងឋានៈជាគណៈបញ្ជាការឯកភាព ត្រូវយកចិត្តទុកដាក់ប្រកបដោយឆន្ទៈមនសិការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបង្ក្រាបរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងស៊ីសងតាមអនឡាញឱ្យខានតែបានក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here