ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​ ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​

0
15


ដោយ,លឹម សិលា
កំពង់ចាម​:​ លោក​ ហេង វណ្ណនី​ អភិបាល​ ​រង​ខេត្ត​កំពង់ចាម​ បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​របស់​បងប្អូន​ប្រជាកសិករ​ ខណៈ​ល្បឿន​ក្នុង​ការ​បង្កបង្កេីនផល​រដូវ​ប្រាំង​បាន​ ៩៧,៣៧%​នៅឡើយ​ ​ការ​ស្នើ​ឡើង​បែប​នេះ​ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ អភិបាល​រង​ ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ ​បច្ចុប្បន្ន​នេះ​ ឯកឧត្តមអភិបាលខេត្ត​ បាន​ចាត់​ឱ្យ​មន្ត្រី​​ជំនាញ​ចុះ​អន្តរាគមន៍​បេីក​ទឹក​មក​ពី​តំបន់​ឆ្ងាយ​ ដេីម្បី​​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​បញ្ចូល​ស្រែ​ប្រាំង​ ជូន​ដល់​បងប្អូន​ប្រជា​កសិករ​ក្នុង​ស្រុកបាធាយ​ និង​ស្រុកជើងព្រៃ​ ដោយ​បាន​ទាញយក​ទឹក​ពី​តំបន់អាងទឹកថ្មដា និង​ទឹក​ឆា​ ក្នុង​នោះ​នៅ​ស្រុកកោះសូទិន​ ក៏ដូចជា​នៅ​តាម​បណ្ដា​​ស្រុក​មួយ​ចំនួន​ទៀត​ គឺ​ត្រូវ​បាន​ដោះស្រាយ​ទឹក​ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​ជា​ច្រើន​លើក​ និង​បាន​​ចប់​សព្វគ្រប់​រួចរាល់​អស់​ហើយ​ ។

ជាមួយគ្នានោះ​ លោក​ ហេង វណ្ណនី​ អភិបាល​ រង​ខេត្ត​ បាន​សង្កត់​ធ្ងន់ថា​ ទោះបីជា​យ៉ាងណា​ល្បឿន​នៃ​ការ​​បង្កបង្កេីនផល​ស្រូវ​នារដូវ​ប្រាំង​ឆ្នាំ​នេះ​បាន​ ៩៧,៣៧%​ នៅឡើយទេ​ ដូច្នេះ​យើង​ត្រូវ​តាមដាន​បន្ត​ទៀត​ ពោលគឺ​អាជ្ញាធរ​យើង​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ក្នុង​ការ​ដោះស្រាយ​ទឹក​ ដេីម្បី​ជួយ​​សង្គ្រោះ​ស្រូវ​ប្រាំង​ជូន​បងប្អូន​ប្រជាកសិករ​ ឱ្យ​បាន​ទាន់ពេលវេលា​ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែមករា និងទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-បញ្ហាផ្សេងៗ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here