អភិបាលខេត្តកំពង់ចាម​ ណែនាំ​ដល់​អាជ្ញាធរ​ ត្រូវ​សហការ​ ដើម្បី​ការពារ​ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឱ្យ​ប្រព្រឹត្តទៅដោយរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌

0
13


កំពង់ចាម​:​ ក្នុង​កិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤​ នាព្រឹកថ្ងៃទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​នេះ​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​សហការ​ ដើម្បី​ការពារ​ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ឱ្យ​ប្រព្រឹត្តទៅដោយរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌ប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គ្មានការបំភិតបំភ័យ គ្មាន ការគំរាមកំហែង និងគ្មានអំពើហិង្សា​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​ប្រមែប្រមូលព័ត៌មាន អំពីហេតុការណ៍ ឬព្រឹត្តិការណ៍នានាពាក់ព័ន្ធដល់សភាពការណ៍ សន្តិសុខ ដំណើរការបោះឆ្នោត និងព័ត៌មានពីគ្រប់ប្រភព ដែលបានផ្សព្វផ្សាយធ្វើ​ឱ្យ​មានផលប៉ះពាល់ ដល់បរិយាកាសសន្តិសុខនៃកិច្ចដំណើរការបោះឆ្នោត ដើម្បីធ្វើការបក ស្រាយបំភ្លឺ ប្រតិកម្មវាយបក បន្សាបឥទ្ធិពល បញ្ចៀសការភាន់ច្រលំពីសំណាក់ សាធារណមតិជាតិ អន្តរជាតិ។ ក្នុងករណ៏ធ្ងន់ធ្ងរ ត្រូវ សហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ដើម្បីអនុវត្តវិធានការច្បាប់។​

ឯកឧត្តមអភិបាលខេត្ត​ បាន​ជំរុញ​​ឱ្យ​ធ្វើការផ្សព្វផ្សាយគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ ព័ន្ធនានាសំដៅ លើកកម្ពស់សមត្ថភាពជូនដល់អ្នកពាក់ព័ន្ធ ដើម្បីសហការអនុវត្ត ធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ការបោះឆ្នោត​ឱ្យ​មានលក្ខណៈកាន់តែ ប្រសើរឡើង និងប្រកបដោយការទទួលខុសត្រូវខ្ពស់។​

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បាន​ថ្លែង​ថា​ ដោយ​អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ គណៈកម្មាធិ ការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បាន​រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខនេះ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here