រដ្ឋបាលស្រុករវៀង ចុះពិនិត្យមើលទីតាំងឃាត់ត្រាក់ទ័រនៅឃុំរៀបរយ!

0
17


ដោយ:រតនា
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុករវៀង ដឹកនាំដោយលោក ជួប បុរសសន្តូ អភិបាលរងស្រុក តំណាងលោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុករវៀង និងមានការចូលពីផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង បានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងដីដែលរដ្ឋបាលព្រៃឈើឃាត់ត្រាក់ទ័រចំនួន ០១គ្រឿង នៅចំណុចភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

លោក ជួប បុរសសន្តូ អភិបាលរងស្រុករវៀង បានឱ្យដឹងថា ការចុះមកពិនិត្យទីតាំងដីជាក់ស្តែងនៅចំណុចខាងលើ គឺដោយមានការស្នើសុំសម្របសម្រួលពីមូលដ្ឋានភូមិ ឃុំ និងប្រជាពលរដ្ឋ ទៅលោកអភិបាលស្រុករវៀង ទើបលោកអភិបាលស្រុក បានឱ្យក្រុមការងារចុះមកពិនិត្យមើលទីតាំងដីផ្ទាល់។

លោក ជួប បុរសសន្តូ បានបន្តថា តាមការចុះមកដល់ទីតាំងដីដែលត្រាក់ទ័រឈូសឆាយ បានពិនិត្យឃើញថា ដីខាងលើគឺជាប្រភេទដីស្រែចំការ និងនៅក្រោយផ្ទះរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។

បើតាមការបញ្ជាក់ពីលោក ស្រី រីន អនុប្រធានភូមិបង្កន បានឱ្យដឹងថាឈ្មោះ សូ ថន អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ សុក ម៉ៅ អាយុ៤៣ឆ្នាំ រស់នៅភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារពិតជាមានដីអាស្រ័យផលនៅជាប់ក្រោយផ្ទះ ដែលមានទំហំ ១០០ម×១០០ម ដែលមានពាក្យស្នើសុំបញ្ជាក់កម្មសិទ្ធិដីពីភូមិ ឃុំពិតប្រាកដ។

លោក ស្រី រីន បន្តថា ដីខាងលើគាត់បានអាស្រ័យផល (ធ្វើស្រែ) តាំងពីឆ្នាំ២០១០មកម្លេះ តែមួយរយៈពេលកន្លងមកប្រហែល២ឆ្នាំ គាត់អាក់ខានធ្វើស្រែដោយសារមានជម្ងឺប្រចាំកាយ តែមកដល់ពេលនេះគាត់បានជាសះស្បើយ ហើយគាត់ក៏បានជួលត្រាក់ទ័រមករុញសម្អាតដីរបស់គាត់ ដើម្បីរងចាំធ្លាក់ភ្លៀងធ្វើការព្រោះស្រូវបានវិញ។

នាពេលនោះដែរ លោកអនុភូមិ និងម្ចាស់ត្រាក់ទ័រ ម្ចាស់ដី និងប្រជាពលរដ្ឋដែលរស់នៅទីនោះ បានសំនូមពរទៅរដ្ឋបាលស្រុក និងរដ្ឋបាលព្រៃឈើ មេត្តាជួយសម្របសម្រួលប្រគល់ត្រាក់ទ័រមកឱ្យម្ចាស់វិញផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here