សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.Gov.Kh របស់កម្ពុជា ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024)

0
15

ភ្នំពេញ ៖ ថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២៤ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ “ក.ប.ទ”បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.khរបស់កម្ពុជា ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤“ASEAN Digital Awards 2024”។

ក្នុងសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបនោះ គឺកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ. បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤។

ការរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រី ឌីជីថលអាស៊ានលើកទី៤ “The 4th ASEAN Digital Ministers’ Meeting” ដោយមានការចូលរួមពីរដ្ឋមន្រ្តី ឌីជីថលអាស៊ាន នៃប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។

ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤នេះ ប្រទេសសមាជិកអាស៊ានទាំង១០បានសម្រិតសម្រាំងផលិតផល ឌីជីថលសេវានិងកម្មវិធី “Digital Products, Services and Programs” ល្អៗចំនួន១២៥មកដាក់ពាក្យប្រកួតប្រជែង។

ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ជាបេក្ខភាព តំណាងនៃកម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ។បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក.ប.ទ. និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថ “គ.រ.ឌ.” បានថ្លែងដោយមោទនភាពថា នេះជាលើកទី១ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយ ឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន។

ជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផល ប្រកបដោយផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថលរបស់ ក.ប.ទ. និង គ.រ.ឌ.ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។ ដែលសមិទ្ធផលនេះមានការទទួលស្គាល់ មិនត្រឹមតែក្នុងក្របខណ្ឌកម្ពុជាទេ តែពេលនេះ ក៏ត្រូវបានទទួលស្គាល់ថា ជាដំណោះស្រាយឌីជីថលល្អបំផុត ក្នុងកម្រិតអន្តរជាតិផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ជោគជ័យនេះបង្ហាញឱ្យកាន់តែច្បាស់ថា “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” មិនត្រឹមតែពង្រីកវិសាលភាពការប្រើប្រាស់នៅក្នុងកម្ពុជាទេ ។តែថែមទាំងអាចប្រើប្រាស់ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររួមរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារពាណិជ្ជកម្មនិងឯកសារផ្លូវការរបស់បណ្តាប្រទេសក្នុងតំបន់។

ក្នុងនោះដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។តាមរយៈកិច្ចខិតខំរួមគ្នានេះ ប្រទេសសមាជិកអាស៊ាននឹងសម្រេចបានគោលដៅរួមក្នុងការទាញ យកសក្ដានុពលជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ហើយ ក.ប.ទ.ប្ដេជ្ញាចូលរួមយ៉ាងមុតមាំក្នុងដំណើរការនេះ។

សូមបញ្ជាក់ថា ពានរង្វាន់ឌីជីថលអាស៊ាន ត្រូវបានបែងចែកជា៦ផ្នែកមានដូចជា ១- ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ២-ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន ៣-ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល ៤-ដំណោះស្រាយសម្រាប់មាតិកាឌីជីថល ៥-ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង៦-ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។

ក្នុងការប្រកួតប្រជែង ពានរង្វាន់ឌីជីថលអាស៊ាន ផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ានឆ្នាំ២០២៤នេះ “ប្រព័ន្ធសុខាភិបាលឌីជីថល” ព្រះរាជាណាចក្រថៃ ទទួលបានមេដាយប្រាក់ ហើយ“ប្រព័ន្ធសំបុត្រកំណើតនិងសំបុត្រមរណភាព” ប្រទេសសិង្ហបុរីទទួលបានមេដាយសំរឹទ្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here