អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការចូលរួមផលិតពលរដ្ឋល្អតាមរយៈពុទ្ធោឱវាទ បានចូលរួមយ៉ាងសំខាន់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

0
14


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ការចូលរួមផលិតពលរដ្ឋល្អតាមរយៈពុទ្ធោឱវាទ បានចូលរួមយ៉ាងសំខាន់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ពោលគឺបើសង្គមយើងមានមនុស្សល្អ កាន់តែច្រើន មនុស្សអាក្រក់កាន់តែតិចនោះ​ អំពើអបាយមុខនៅក្នុងសង្គមក៏នឹងកាត់បន្ថយបាន ហើយស្ថិរភាពសណ្ដាប់ធ្នាប់ក្នុងសង្គមក៏នឹងកើតឡើង ដែលជាចំណុចស្នូលនៃជ្រុងមួយនៃ យុទ្ធសាស្ត្របញ្ចកោណ។​ ថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី​៣១​ ដែល​បាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្ត​កំពង់ចាម​ នារសៀល​ថ្ងៃទី​២៩​ ខែមករា​ ឆ្នាំ​២០២៤​ ។

មាន​ប្រសាសន៍​ក្នុង​ពិធី​នោះ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ តួនាទីព្រះពុទ្ធសាសនានៅកម្ពុជាយើង ពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធំធេងណាស់ ក្នុងការអនុវត្តន៍យុទ្ធសាស្រ្តដឹកនាំ ប្រទេសគ្រប់ដំណាក់កាល ជាពិសេស យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត​ បាន​បន្ត​ថា​ តាមរយៈវិស័យពុទ្ធិកសិក្សា ព្រះពុទ្ធសាសនាបានជួយបណ្តុះបណ្តាលធនធាន បុព្វជិតជាច្រើនដែល ជាកុលបុត្រក្រីក្រ ឱ្យ​ក្លាយទៅជាបញ្ញវ័ន្តសង្ឃប្រកបដោយសមត្ថភាពនៅ ក្នុងសង្គម។ នេះគឺជាការចូលរួម មួយទៀតនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺការចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្ស​ ។

បេីតាម​លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ខេត្តកំពង់ចាម​ ព្រះពុទ្ធសាសនា មាន ២គណៈ គឺគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ មានវត្តអារាមសរុបចំនួន ៣៧៨វត្ត ក្នុងនោះ (ធម្មយុត្តិ ១២វត្ត) មានអាស្រមចំនួន ១៦កន្លែង និងមានមណ្ឌលវិស្សនាចំនួន ២៩កន្លែង និងព្រះសង្ឃសរុបចំនួន ៥៦៣៩អង្គ (ធម្មយុត្ត ១៤៤អង្គ) មានអាចារ្យវត្តចំនួន ១,៦៨៥នាក់ និងគណៈកម្មការវត្ត ៣៦២១នាក់​ ផងដែរ​ ។

គួរបញ្ជាក់ថា​ មហាសន្និបាត​បាន​ធ្វើ​ឡើង​ក្រោម​ព្រះ​វត្តមាន​សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត បូ​ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ឧត្តមទីប្រឹក្សា គណៈសង្ឃនាយកជាព្រះរាជ​ ព្រមទាំង​​ព្រះសីលសំវរ ប៊ត​ តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម​ និងឯកឧត្តម អន ធាង​អាន​ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here