អភិបាលខេត្តត្បូងឃ្មុំ​ ចុះសួរសុខទុក្ខអតីតយុទ្ធជន នគរបាល យោធិន និងពលរដ្ឋក្រីក្រ ចំនួន ១៥៦គ្រួសារ

0
14


ដោយលោក លឹម សិលា
ត្បូងឃ្មុំ:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះ​សួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន នគរបាល យោធិន និងប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅលើដីសម្បទានសង្គមកិច្ចតាមតំបន់ព្រំដែន ក្នុងស្រុកពញាក្រែក និងស្រុកមេមត់ ចំនួន ១៥៦គ្រួសារ​ ។

ក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាន​ថ្លែង​ថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាគ្រប់រូប បានចងចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន ចំពោះយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលីកម្ម ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល។

ឯកឧត្តមអភិបាលខេត្ត​ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញសង្គមជាតិ ឱ្យខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន ហើយចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តមកអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលជានិច្ចជាកាល សម្តេចតែងបានគិតគូពីសុខទុក្ខ និងជីវភាពរស់នៅ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន សម្ភារៈ ជីវភាព ការចុះសួរសុខទុក្ខដល់អង្គភាពផងដែរ។

ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ជាមួយនឹងសមិទ្ធផលដ៏ធំធេងដែលសម្រេចបាន លើវិស័យសុខុមាលភាពអតីតយុទ្ធជន និងវឌ្ឍនភាព នៃសមាគមអតីតយុទ្ធជន យ៉ាងណាក្តី ក៏បងប្អូនអតីតយុទ្ធជននៅមានបញ្ហាប្រឈម និងមានឧបសគ្គជាច្រើន តម្រូវឲ្យយើងទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទាំងនោះជាបន្តបន្ទាប់ ដោយបន្តពង្រឹង និងពង្រីកសេវាបណ្តុះបណ្តាលជំនាញ និងឥទានជាដើម ដើម្បីឲ្យបងប្អូនអតីតយុទ្ធជនទទួលបាននូវសមត្ថភាព និងលទ្ធភាព ដើម្បីអភិវឌ្ឍន៍ជីវភាពឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here