រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បាន​ចាត់ទុកថា​ ការ​កសាង​សាលា​រៀន​ គឺ​ជា​ការ​វិនិយោគ​ សម្រាប់​ទទួល​ផល​នៅ​ថ្ងៃ​អនាគត​ របស់​​កូនចៅ​ ក៏ដូចជា​សង្គម​ជាតិ​យើង​ទាំង​មូល​

0
21


កំពង់ចាម​:​ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បាន​ចាត់ទុកថា​ ការ​កសាង​សាលា​រៀន​ គឺ​ជា​ការ​វិនិយោគ​ សម្រាប់​ទទួល​ផល​ជាទីគាប់ប្រសើរ​ នៅ​ថ្ងៃ​អនាគត​ របស់​​កូនចៅ​ ក៏ដូចជា​សង្គម​ជាតិ​យើង​ទាំង​មូល​ ថ្លែង​បែប​នេះ​ក្នុង​​ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា២ខ្នង​ កម្ពស់​ ២ជាន់​ ២០បន្ទប់​ និងសមិទ្ធផលនានា​ ក្នុងសាលាបឋមសិក្សាព្រៃទទឹង​ ស្រុកព្រៃឈរ​ នាព្រឹកថ្ងៃទី​២០​ ខែមករា​ ឆ្នាំ​២០២៤​ ។

ឆ្លៀត​ក្នុង​ឱកាសនោះ ឯកឧត្ដម​ កេីត​ រិទ្ធ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ បានថ្លែងថា​ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែ​បន្ត​ចាត់ទុក​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ គឺ​ជា​អទិភាព​គន្លឹះ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោន​ដំណាក់កាល​ទី​១​ របស់​រាជរដ្ឋាភិបាល​ ក្នុង​ចំណោម​អទិភាព​គន្លឹះ​ចំនួន​៥​ គឺ​មនុស្ស​ ផ្លូវ​ ទឹក​ ភ្លេីង​ និង​បច្ចេកវិទ្យា​ មូលធន​មនុស្ស​ដែល​ប្រកប​ដោយ​សមត្ថភាព​ សីលធម៌​ គុណធម៌​ មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ និង​មាន​សុខភាព​ល្អ​ គឺ​ជា​ទ្រព្យ​សកម្ម​ជាតិ​ដ៏​រឹងមាំ​ និង​ជា​លក្ខខណ្ឌ​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​ សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ ការ​លើក​កម្ពស់​តម្លៃ​វប្បធម៌​ជាតិ​ និង​ការ​បង្កើត​គំនិត​ថ្មីៗ​ ដើម្បី​ធនាបាន​នូវ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​ និង​ប្រកប​ដោយ​ចីរភាព​ ហេតុ​នេះ​ ការ​វិនិយោគ​លេី​ការ​អភិវឌ្ឍ​​មូលធន​មនុស្ស​នៅ​តែ​ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់​ និង​ជា​កិច្ចការ​អទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​​ ដើម្បី​អាច​ឆ្លើយ​តប​បាន​ទៅ​នឹង​ការ​កេីនឡេីង​នូវ​តម្រូវការ​នៃការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ក៏បាន​ស្នេី​សូម​ឱ្យ​ចូលរួម​ផ្ដល់​កិច្ច​សហការ​ក្នុង​ការ​លេីក​កម្ពស់​គុណភាព​អប់រំ​របស់​សាលា​បឋមសិក្សា​ព្រៃទទឹង​ ដេីម្បី​ទទួល​បាន​គុណប្រយោជន៍​ សម្រាប់​ខ្លួនឯង​ សម្រាប់​គ្រួសារ​ សម្រាប់​សហគមន៍​ និង​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​ ក្នុង​នោះ​អ្នក​គ្រប់គ្រង​សាលារៀន ត្រូវរៀបចំបរិស្ថាន​​ស្អាត គ្មានសំរាម មានអនាម័យ​ និងសុវត្ថិភាព សាកសមជាទីកន្លែងអប់រំការបណ្ដុះបណ្ដាលប្រកបដោយគុណភាព សមត្ថភាព វិន័យ និងសីលធម៌ខ្ពស់ ។​ ត្រូវ​ខិតខំប្រឹងប្រែងបង្ហាត់បង្រៀន អប់រំទូន្មាន និងតម្រង់ទិសសិស្សានុសិស្ស ហើយត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្រ្តបង្រៀន​ផងផងដែ។

ក្នុង​ឱកាស​​នោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានចាត់ទុកថា សមិទ្ធផល អគារសិក្សា២ខ្នង​ កម្ពស់​ ២ជាន់​ ២០បន្ទប់​ អគារបណ្ណាល័យ​ ខ្លោងទ្វា​ របងសាលា​ និងសមិទ្ធផលនានា​ ក្នុងសាលាបឋមសិក្សាព្រៃទទឹង​ ស្រុកព្រៃឈរ​ ជាសមិទ្ធផលប្រវត្តិសាស្ត ហើយក៏ជាសមិទ្ធផលរួម របស់យើងទាំងអស់គ្នា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់កូនចៅប្រជាពលរដ្ឋយើង បានសិក្សាចាប់ពីកម្រិតមូលដ្ឋាន ដើម្បីបន្តទៅកម្រិតឧត្តមសិក្សា ជាបន្តទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here