អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជាតិជំនួយសង្គមជាបន្តបន្ទាប់ ដើម្បីផ្តល់ការគាំពារគ្រួសារក្រីក្រ ជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ

0
21


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជាតិជំនួយសង្គមជាបន្តបន្ទាប់ ដើម្បីផ្តល់ការគាំពារគ្រួសារក្រីក្រ ជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ក្នុងនោះកម្មវិធីជាតិជំនួយសង្គមមួយចំនួនមានលក្ខណៈអចិន្រ្តៃយ៍ ហើយមួយចំនួនទៀតក៏បានបិទបញ្ចប់ទៅតាមកាលកំណត់។ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្មីៗនេះ ក៏​បានដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ ផងដែរ​ ។ ថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ​ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩​ នាព្រឹកថ្ងៃទី​១៩ ខែមករា ឆ្នាំ២០២៤​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ដោយ​រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តតាំងពីខែមិថុនា ឆ្នាំ២០២០មក ដែល​បានកំណត់យកថ្ងៃទី២៥ នៃរៀងរាល់ខែ ជាថ្ងៃបើកប្រាក់ឧបត្ថម្ភប្រចាំខែ។ គិតមកដល់បច្ចុប្បន្ន ការបើកផ្តល់ស្ថិតក្នុងជុំទី១៥ លើកទី៤២ ដែលមានគ្រួសារទទួលផលសរុបចំនួន ៤៨ ៣៥៨គ្រួសារ រាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់សរុបចំនួន ៨១ ៣០៥ ០៤៦ ដុល្លារអាមេរិក​ ។
ឯកឧត្ដមអភិបាលខេត្ត​ បានបន្ត​ថា​ ដើម្បីបន្ត ការគាំទ្រដល់គ្រួសារមានបណ្ណសមធម៌ និងដើម្បីអនុវត្តយុទ្ធសាស្ត្រចាកចេញ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ លេខ៣៧១ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយផ្តល់ប្រាក់ឧបត្ថម្ភ ចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ តាមទំហំប្រាក់ ឧបត្ថម្ភថ្មី ដែលប្រាក់ឧបត្ថម្ភក្នុងទំហំថ្មីនេះ គឺត្រូវបានបែងចែកទៅតាមប្រភេទបណ្ណសមធម៌ និងកម្រិតនៃភាពក្រីក្រដដែល ប៉ុន្តែបានបញ្ឈប់ការឧបត្ថម្ភលើចំនួនសមាជិកគ្រួសារ ដោយរក្សាទុកនូវអត្រាឧបត្ថម្ភ សម្រាប់លក្ខខណ្ឌផ្សេងទៀតឱ្យនៅដដែល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here