ឃាត់ខ្លួន​ជនសង្ស័យ​៦នាក់ ករណី​ក្រុម​ក្មេងស្ទាវដេញកាប់គ្នា បណ្តាល​ឱ្យ​ភាគី​ម្ខាងទៀត​ បុកចូលរថយន្ដ​ ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​ម្នាក់​ នៅស្រុកជើងព្រៃ

0
26


ដោយលោក:លឹម សិលា
កំពង់ចាម​:​ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ដ បណ្ដាលឲ្យស្លាប់មនុស្ស ចំនួន០១នាក់ និងរងរបួសធ្ងន់ ចំនួន០១នាក់ នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិត​ក្នុង​ភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៤៧នាទី ។

ភ្លាមៗនោះ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវស៊ើបអង្កេត ហើយបានធ្វើការសន្និដ្ឋាន និងវាយតម្លៃបានថា ករណីនេះបង្កឡើងដោយមានក្មេងមួយក្រុម បានឈប់រង់ចាំស្ទាក់​ផ្លូវ​នៅចំណុចកន្លែងកើតហេតុ ហើយបានបញ្ចេញសកម្មភាពយកកាំបិតគប់ទៅលើអ្នកបើកបរម៉ូតូ ដែលជាភាគី ក្រុមម្ខាងទៀត ជិះម៉ូតូ០១គ្រឿង មានគ្នាចំនួន០២នាក់ ខណៈនោះអ្នកបើកម៉ូតូដែលមានគ្នាពីរនាក់នោះ បានបើកគេចទៅខាងឆ្វេងដៃ បុកជាមួយរថយន្ត ០១គ្រឿង បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ និងរបួសធ្ងន់ ០១នាក់។ បន្ទាប់មកក្រុមក្មេងមួយក្រុមនោះបានជិះម៉ូតូរត់គេចខ្លួនពីកន្លែងកើតហេតុ ។

ក្រោយពីហេតុការណ៍នេះកើតឡើងភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ រួមនឹងវត្ថុតាង ។

បច្ចុប្បន្នជនសង្ស័យចំនួន ០៦នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរ បាលស្រុកជើងព្រៃ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here