សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ដាំផ្ញើដល់មន្ត្រីរាជការនៅខេត្តកំពង់ចាម និងខេត្ដត្បូងឃ្មុំ ឱ្យ​បន្តអនុវត្តតាមគោលនយោបាយ របស់​រាជរដ្ឋាភិបាល​ ដើម្បីកសាង និង​អភិវឌ្ឍសង្គមកម្ពុជា​

0
27


កំពង់ចាម​:​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំផ្ញើដល់មន្ត្រីរាជការដែលកំពុងបម្រើការងារនៅទូទាំងខេត្តកំពង់ចាម និងខេត្ដត្បូងឃ្មុំ​ ឱ្យ​បន្តអនុវត្តតាមគោលនយោបាយ និងកម្មវិធី​កំណែ​ទម្រង់ស្នូល​របស់រាជរដ្ឋាភិបាល​រួមមាន៖ កម្មវិធីកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញ​វត្ថុ​​សាធារណៈ, កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់​​វិមជ្ឈការ​ និងវិសហ​មជ្ឈការ ដើម្បីកសាង និង​អភិវឌ្ឍសង្គមកម្ពុជា​ឱ្យកាន់តែមាន​ការរីក​ចម្រើនជាលំដាប់។ ថ្លែង​បែប​នេះ​ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤​ ។

ថ្លែងក្នុងឱកាសនោះ​ដែរ​ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមសង្គហៈមិត្ត នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបំពេញបេសកកម្មការងារដ៏មានសារ​សំខាន់នេះ ដោយត្រូវបន្តបង្កើនប្រសិទ្ធិភាពនៃការបំពេញមុខងារ និងភារកិច្ច​មានលក្ខណៈជាប្រព័ន្ធ ​និងគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តការចុះសួរសុខទុក្ខដល់និវត្ដន៍ជនតាមលំនៅដ្ឋាននីមួយៗជាបន្តបន្ទាប់ទៀត ដូចជា​ ការចុះសួរសុខទុក្ខនិវត្ដជនដែលមានជំងឺនៅតាមផ្ទះ, មាតុភាព, គ្រោះថ្នាក់ចរាចរណ៍, ស្ថានភាពលំបាកផ្សេងៗដូចជា កម្មវិធីបុណ្យសពរបស់សមាជិកជាដេីម​ ។

បេីតាមរបាយកាណ៏របស់ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាភិបាល សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតចាប់តាំងពីឆ្នាំ២០១១ មកដល់ដំណាច់ឆ្នាំ២០២៣ បានអនុវត្តបេសកកម្មរបស់ខ្លួនកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ ទាំងរចនា​សម្ព័ន្ធដឹកនាំ ទាំងក្របខណ្ឌអនុវត្តកាន់តែមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា ដែលមានចំនួនសមាជិកបានកើនឡើងពីចំនួន ១៥៦រូប នៅឆ្នាំ ២០១១ រហូតដល់ ៦.៩៤១រូប នៅដើមឆ្នាំ២០២៤។

បេីតាម​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានឱ្យដឹងថា​ បច្ចុប្បន្នភាពស្ថិតិមន្ត្រីរាជការដែលបានចូលនិវត្តន៏ របស់ថ្នាក់ក្រោមជាតិ​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល​ខេត្តកំពង់ចាម​ មាន​និវត្តជនសរុបចំនួន ១១៣នាក់ និង​ខេត្តត្បូងឃ្មុំ​ មាន​និវត្តជនសរុបចំនួន ១៣​នាក់​ ដោយ​រៀមច្បងពិតជាបានចំណាយពេលវេលាដ៏មានតម្លៃ រស់នៅជាមួយការនឿយហត់ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងកាលពីអតីតកាល ទើបមានថ្ងៃនេះ​ ។

គួរ​បញ្ជាក់​ថា​ សម្រាប់​និវត្តជនដែលបានចូលរួមថ្ងៃនេះ ក៏បានទទួលអំណោយពីលោកជំទាវ អ៊ឹម ប៉ូលីកា អូន ព័ន្ធមុនីរ័ត្ន រួមមាន ៖ បុរសទទួលបានក្រម៉ា ០១ និងថវិកា ២០ម៉ឺនរៀល ចំណែកស្ត្រីទទួលបាន​សំពត់សឹង ០១ក្បិន និងថវិកា ២០ម៉ឺនរៀល​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here