ស.ស.យ.ក ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ត ឆ្នាំ២០២៤

0
24

ដោយលោក:ប៉ៃ លិន
ត្បូងឃ្មុំ:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ទទួលបន្ទុក ស.ស.យ.ក ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញ​បេីក​កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តការងារ ឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនាថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤​ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយស ស.ស.យ.ក. សម្តេចយល់ឃើញថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការមហាជនមួយ ដែលជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។​ ក្នុងនោះការបណ្ដុះស្មារតី ក៏ដូចជាបង្ហាត់បង្ហាញយុវជន នូវចំណេះជំនាញ ពង្រឹងសមត្ថភាព មានភាពក្លាហាន និងបំណិនជីវិត ដល់យុវជន ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ សំដៅរួមគ្នាកសាងអនាគតប្រទេសជាតិមួយឱ្យកាន់តែរុងរឿង ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តត្បូងឃ្មុំ ដែលបានរួបរួមធ្វើសកម្មភាព យ៉ាងសស្រាក់សស្រាំ ដោយបានសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកបដោយទឹកចិត្តមនុស្សធម៌ រួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ ដែនដី ឆ្លើយតបនឹងតម្រូវការ របស់ជនរងគ្រោះទាំងឡាយបានទាន់ពេលវេលា ។​ សកម្មភាពដ៏ល្អប្រពៃនេះ បានផ្តល់តម្លៃយ៉ាងសំខាន់ដល់មនុស្សជាតិ ជាគំរូល្អ សម្រាប់យុវជនជំនាន់ក្រោយ ក្នុងការទាក់ទាញទឹកចិត្តគាំទ្រ យ៉ាងទូលំទូលាយ ពីប្រជាពលរដ្ឋរបស់យើង និងទទួលបានការអបអរសាទរ ពីមហាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមក្នុងបុព្វហេតុសង្គមជាតិ តាមរយៈការខិតខំធ្វើការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់ស.ស.យ.ក ខេត្ត ដើម្បីបន្តបេសកកម្មការងារ និងបានប្រគល់លិខិតថ្លែងអំណរគុណ និងលិខិតសរសើរ ជូនដល់សប្បុរសជន លោកគ្រូ អ្នកគ្រូ និងសមាជិក សមាជិកា ស.ស.យ.កខេត្ត ប្រកបដោយស្នាមញញឹម និងស្និទ្ធស្នាលបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here