អភិបាលខេត្តកំពង់ចាម​ អះអាងថា​ ផ្លូវ​បេតុង​ទៅ​ឃុំ​បារាយណ៍​ ដែល​ជា​ជំហាន​ទី​២​ អាច​ចាប់ផ្ដើម​ក្នុង​ខែ​មេសា​ ២០២៤​នេះ​ បន្ទាប់​ពី​ជំហាន​ទី​១ត្រូវ​បាន​បញ្ចប់​

0
25


ដោយលោក: ប៉ៃ លិន
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​ ពី​ឃុំ​ព្រែក​ដំបូក​ ទៅ​ឃុំ​បារាយណ៍​ ក្នុង​ស្រុកស្រីសន្ធរ​ ដែល​ជា​ជំហាន​ទី​២​ អាច​នឹង​ចាប់ផ្ដើម​កសាង​ក្នុង​ខែ​មេសា​ ឆ្នាំ​២០២៤​នេះ​ បន្ទាប់​ពី​ការ​ចាក់​ដី​រៀបចំ​គ្រឹះ​ក្រោម​ ដែល​ជា​ជំហាន​ទី​១​ ត្រូវ​បាន​បញ្ចប់​ហើយ​នោះ​ ការ​ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ ឯកឧត្តមអភិបាលខេត្ត​ បាន​បញ្ជាក់​ថា​ អ្វី​ដែល​យើង​ត្រូវ​ការ​នោះ​ គឺ​​គុណភាព​ផ្លូវ​​ ដែល​មាន​ទាំង​ពេល​វេលា​ និង​បច្ចេកទេស​ តួយ៉ាង​ដូច​ជា​ការ​ស្ថាបនា​ផ្លូវ​ ពី​ឃុំ​ព្រែក​ដំបូក​ ទៅ​ឃុំ​បារាយណ៍​​ គឺ​មាន​២ជំហាន​ ដែល​ត្រូវ​អនុវត្ត​ ដោយ​ជំហាន​ទី​១​ គឺ​ចាក់​ដី​សរ​ ដើម្បី​រៀបចំ​បាត​ក្រោម​ ​ឱ្យ​បាន​រឹងមាំ​ជាមុន​សិន​​ រួច​​ចាក់​គ្រួស​ក្រហម​ពី​លើ​ សម្រាប់​​ប្រេីប្រាស់​ជា​បណ្តោះអាសន្ន​ បន្ទាប់​មក​យើង​ត្រូវ​អនុវត្ត​ជំហាន​ទី​២​ គឺ​ចាក់​បេតុង​ ពោលគឺ​យេីង​មិន​អាច​ធ្វើ​ផ្លូវ​បេតុង​ ពីលើ​ផ្លូវ​គ្រួស​ក្រហម​ ដែល​មិន​ទាន់​មាន​ការ​ប្រគល់​ និង​ទទួល​នៅឡើយ​នោះ​ទេ​ ដូច្នេះ​យេីង​ត្រូវ​រង់ចាំ​ក្នុង​កំឡុង​ខែ​៤​ ឆ្នាំ​២០២៤​នេះ​ ត្រូវ​បញ្ចប់​ជំហាន​ទី​១​ ហើយ​កញ្ចប់​ថវិកា​នឹង​ធ្លាក់​មក​ សម្រាប់​អនុវត្ត​ជំហាន​ទី​២តែម្ដង​ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​ ។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​ ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ ២០២៣ និងទិសដៅការងារប្រចាំខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត​ ។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេល៣ខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here