អភិបាលខេត្តកំពង់ចាម​ ប្រាប់​មន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យ​បង្កេីនល្បឿន​វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ​ ហើយ​កុំភ្លេច​ឱ្យ​សោះ​រឿង​ទុក​ផ្លូវ​

0
26


កំពង់ចាម​: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​មន្ត្រីក្រុម​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ឱ្យ​ធ្វើការសម្រុក និងបង្កើនល្បឿនអនុវត្តកិច្ចការរបស់ខ្លួន ជាពិសេស ការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឱ្យ​បាន​ទាន់ពេលវេលា និងសម្រេចទៅតាមផែនការគ្រោងទុក ហេីយ​សូម​កុំ​ភ្លេច​ឱ្យ​សោះ​រឿង​ទុក​ផ្លូវ​ ធ្វើយ៉ាងណា​ត្រូវ​ឱ្យ​បងប្អូន​​នៅ​ខាង​ក្រោយ​មាន​ផ្លូវ​ចេញ​ចូល​ផង​ ថ្លែង​បែប​នេះ​ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅ​ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៤​ ខែមករា​ ឆ្នាំ​២០២៤​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ គ្រោង​នឹង​​យក​ខេត្តកំពង់ចាម​ ធ្វើ​ជា​ខេត្ត​គំរូ​ ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ឋ​ ឱ្យ​បាន​ចប់​សព្វគ្រប់​ ១០០%​ នា​ពាក់កណ្ដាល​​ឆ្នាំ​២០២៤​ខាងមុខនេះ​ ដូច្នេះ​សូម​ឱ្យ​មន្ត្រី​អនុវត្តការងារនេះ បន្តស្នាដៃ​ឱ្យ​បានសម្រេច​នូវ​ផែនការដែលបានដាក់ចុះ ទន្ទឹមនេះ ត្រូវខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបំផុសប្រមូលផ្តុំប្រជាពលរដ្ឋ​ ឱ្យ​បាន​ចូលរួមក្នុងសកម្មភាពការងារ​នេះ​ឱ្យ​បានខ្លាំងក្លា​បន្ថែម​ទៀត​ ។​

ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បាន​ស្នេី​ដល់​មន្ទីរ អង្គភាពពាក់ព័ន្ធនានា​ ត្រូវចូលរួមកំណត់ព្រំប្រទល់​ឱ្យ​បានឆាប់រហ័ស ដូចជាការកំណត់ដីអាងទឹក​ ប្រឡាយ បឹង ឡូតិ៍នេសាទ ។ល។​ ក្រៅពី​នោះ​សូម​ឱ្យ​ចូលរួមអនុវត្ត និងជំរុញការដោះស្រាយ វិវាទ​ដីធ្លី​ឱ្យ​មានការថយចុះជាលំដាប់ ។ នៅពេលបិទផ្សាយទិន្នន័យជាសាធារណៈ សូម​ឱ្យ​គណៈកម្មការរដ្ឋបាល​ពន្លឿន​ការងារ ដោះស្រាយ​ទំនាស់ដែលនៅសេសសល់ ឱ្យ​បានឆាប់ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

បេីតាម​របាយការណ៍​ បានឱ្យដឹងថា​ ការងារចុះបញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ធ​ក្នុង​ឆ្នាំ​២០២៣ វាស់វែង បានចំនួន ៨១៣ ៤៨៤ក្បាលដី- បញ្ចូលទិន្នន័យ បានចំនួន ៧៨៦ ៨៨១ក្បាលដី- ចេញប័ណ្ណ បានចំនួន ៧៤៤ ០២២ ប័ណ្ណ ។ បើប្រៀបធៀបទៅ​នឹង​ផែនការដែលក្រសួងបានដាក់ចុះចំនួន ៩២៤ ៤២១ក្បាលដី អនុវត្តបាន៨៨ % នៃការប្រមូលទិន្នន័យ និង​៨០% លើការងារចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។ ផែនការថ្មីឆ្នាំ២០២៣ គឺជាឆ្នាំដែលត្រូវអនុវត្តជម្រុញផែនការនៃការងារចេញប័ណ្ណកម្មសិទ្ធិចំនួន ១៥១ ២០០ប័ណ្ណ នៅទូទាំងខេត្តកំពង់ចាម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here