ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំ​មន្ត្រី​កាកបាទក្រហម​ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ ចំណូល ចំណាយ រួមជាមួយការទូទាត់ ឱ្យ​មានតម្លាភាព និងគណនេយ្យភាព

0
34


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រី​កាកបាទក្រហម​ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ទាំងថ្នាក់សាខា និង អនុសាខា  រួមជាមួយការទូទាត់ អោយមាន តម្លាភាព និងគណនេយ្យភាព​ ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​​ នាព្រឹកថ្ងៃទី​៣​ ខែមករា​ ឆ្នាំ​២០២៤​ ។

ថ្លែង​ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា  បានក្រើនរំលឹក និងជម្រុញ អំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត  ពិសេស ត្រូវត្រៀមគ្រប់លក្ខណះ  ទាំងកម្លាំង មធ្យោបាយ ស្បៀង សម្ភារះ ទាំង ថវិកា សម្រាប់ការឆ្លើយតបគ្រោះមហន្តរាយផ្សេងៗ បាន ភ្លាមៗទាន់ពេលវេលា ហើយត្រូវ យកចិត្តទុកដាក់ ធ្វើយ៉ាងណា អោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន  ជួយអ្នកងាយរងគ្រោះបានច្រើនជាងមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំង បណ្តាញ នៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ – បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីការលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិ សំខាន់ៗ  រួមជាមួយ ការខិតខំ  ជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ការពង្រឹងសមត្ថភាព ជូនមន្ត្រី យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា  ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តន៍វិស័យអាទិភាពទាំង ៤ តាម យុទ្ធសាស្ត្រ ២០២១- ២០៣០ របស់កាកបាទក្រហមកម្ពុជា​  ។

ជាមួយគ្នានោះ​ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក៏​បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីប្រចាំការ តាមអនុសាខាក្រុង ស្រុក ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា អនុសាខាថ្នាក់ខ្លួន  ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេលពេញ ១ ឆ្នាំ ២០២៣ នេះ ក្នុងស្ថានភាពដែលកម្ពុជា រក្សាបានរឹងមាំនូវ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់សាធារណះ និង សុវត្ថិភាពសង្គម បានបង្កលក្ខណះអនុគ្រោះអោយសាខា អនុសាខា ម្ចាស់ការ ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព  ពិសេស ការជំរុញសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខា ក្នុងការលើកកំពស់សុខភាព មាតា ទារក និងកុមារ – ការអប់រំទប់ស្កាត់ឆ្ពោះទៅបញ្ចប់ជម្ងឺអេដស៍-  ការអប់រំផ្សព្វផ្សាយ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក   – ការបណ្តុះបណ្តាលជាមូលដ្ឋាន និង វិជ្ជាសង្រ្គោះបឋម ដល់យុវជន អ្នកស្ម័គ្រចិត្ត កក្រក – ការអភិវឌ្ឍន៍ស្ថាប័ន – ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា  ស្របតាមទិសស្លោក” កាកបាទក្រហមកម្ពជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា – មិនទុកនរណាម្នាក់ចោល ” ៕


    

LEAVE A REPLY

Please enter your comment!
Please enter your name here